អាវុធហត្ថខេត្តតាកែវចាប់ខ្លួន ក្រុមក្មេងទំនើង ០៤នាក់ ក្រោយធ្វើសកម្មភាពដេញវាយគ្នា

តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ បានធ្វើការចាប់ខ្លួន ក្រុមក្មេងទំនើងបានចំនួន ០៤នាក់ ដែលធ្វើសកម្មភាពដេញវាយគ្នា និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក នៅបណ្ដោយផ្លូវជាតិលេខ៣យ៉ាងអណាអធិបតេយ្យ នៅវេលាម៉ោង ១៣:៣១នាទី ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៣។

ការចាប់ខ្លួនក្រុមក្មេងទំនើង ០៤នាក់នេះ ធ្វើឡើង បន្ទាប់មានការចែកចាយវីដេអូដែលថតបានដោយប្រជាពលរដ្ឋធ្វើដំណើរ ក្នុងពេលក្រុមក្មេងស្ទាវទាំងនេះសកម្មភាពដេញវាយគ្នា និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក នៅបណ្ដោយផ្លូវជាតិលេខ៣យ៉ាងអណាអធិបតេយ្យ។

បើតាមកងរាជអាវុធហត្ថខេត្តតាកែវ ករណី ក្មេងទំនើង ០២ក្រុម មានគ្នាប្រហែល ២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង បានធ្វើសកម្មភាពវាយ និងគប់គ្នា ត្រង់ចំនុចតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៤.៦៥ ស្តិតក្នុង ភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ៕