ជប៉ុន ៖ កម្ពុជា បង្ហាញគំរូដ៏ល្អក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ

ភ្នំពេញ៖ លោក កាណូ តាគេហ៊ីរ៉ូ (KANO Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហប្រតិបត្តិការសន្តិភាពអន្តរជាតិ នៃគណៈរដ្ឋមន្រ្តីជប៉ុន បានថ្លែងថា កម្ពុជាបង្ហាញពីគំរូដ៏ល្អនៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សន្តិភាព ។

ការលើកឡើងរបស់លោក កាណូ តាគេហ៊ីរ៉ូ បែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះភាគីទាំងពីរក៏ពេញចិត្តចំពោះ ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ដែលត្រូវបានតម្លើងដល់កម្រិត “ដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីភាពជាដៃគូក្នុងកិច្ចការរក្សាសន្តិភាព និងសកម្មភាពកំចាត់មីន នៅក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងអង្គការសហប្រជាជាតិ។

លោកឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញជាមួយ សេចក្តីអំណរគុណ ចំពោះការរួមចំណែកដ៏សំខាន់ របស់កងកម្លាំងស្វ័យការពារជប៉ុន នៅក្នុងដំណើរការរក្សាសន្តិភាព ក៏ដូចជាការគាំទ្ររបស់ជប៉ុនជាបន្តបន្ទាប់ សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។

លោកអគ្គនាយកបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ជប៉ុន ធ្វើការជាមួយកម្ពុជា ដែលនឹងធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំ “កម្មវិធីភាពជាដៃគូត្រីភាគី របស់អង្គការសហ ប្រជាជាតិ” នៅឆ្នាំ២០២៤ ដើម្បីពង្រឹងសមត្ថភាពវិស្វកម្មក្នុងតំបន់ នៅក្នុងបេសកកម្មរក្សាសន្តិភាព។

ភាគីទាំងពីរ បានគូសបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកកិច្ចសហការបន្ថែមទៀត នៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់គ្រឿងបរិក្ខារ៕