លោក ឆាយ គឹមខឿន៖ បទល្មើសព្រហ្មទណ្ឌ ថយចុះ៩ភាគរយ

លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា បទល្មើសជារួមមានការថយចុះ ក្នុងនោះបទល្មើសព្រហ្មទណ្ឌ ថយចុះ៩ភាគរយ, ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានអនុវត្តយ៉ាងសកម្មដោយបង្ក្រាបបានជាង៦,០០០ និងករណី ចាប់ជនសង្ស័យជាង១៣,០០០នាក់។

ការលើកឡើងរបស់ លោក ឆាយ គឹមខឿន ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមិទ្ទិញអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៣ ដែលដឹកនាំដោយ លោក នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកបន្តថា ការប្រឆាំងអំពើជួញដូរមនុស្ស បង្ក្រាបបាន១៧៤ករណី ចាប់ជនសង្ស័យ២២៦នាក់ សង្គ្រោះជនរងគ្រោះ៥៥២នាក់ ក្នុងនោះការដាក់បណ្ដឹងសុំកិច្ចអន្ដរាគមន៍ទៅកាន់ហ្វេសបុករបស់សម្ដេចក្រឡាហោម ស ខេង និងប្រភពផ្សេងៗ ពាក់ព័ន្ធជនបរទេស បានធ្វើការស្រាវជ្រាវរកឃើញ៤៧០ករណី ចាប់ជនសង្ស័យ១២៣នាក់ សង្គ្រោះមនុស្សជាង១០០០នាក់ មាន១៦សញ្ជាតិ។

លោក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ក្នុងការបង្ក្រាបបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទនោះ កងកម្លាំងនគរបាលជាតិបានអនុវត្តការងារនេះយ៉ាងសកម្ម ដោយចុះពិនិត្យគោលដៅដែលមានតម្រុយសង្ស័យ ជាង១ម៉ឺនទីតាំង និងរកឃើញមានបទល្មើស អនុវត្តច្បាប់ ៣០៥ទីតាំង និងចាប់ខ្លួនមនុស្ស៧៥២នាក់បញ្ជូនទៅតុលាការ។ ករណីក្មេងទំនើងបង្ក្រាបជាង១០៤៣លើក ឃាត់២៣៧៣នាក់ បញ្ជូនទៅតុលាការ៧២៨នាក់។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ដល់នូវអនុសាសន៍ចំនួន៦ចំណុច សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ រួមមាន៖*ទី១៖ ការពារឱ្យបានដាច់ខាតនូវសុខ សន្ដិភាព និងខឿនសន្ដិសុខជាតិ ធានាស្ថេរភាពសង្គម *ទី២៖ បន្ដប្រយុទ្ធប្រឆាំងបទល្មើស កាត់បន្ថយបទល្មើស បង្កើនភាពកក់ក្ដៅ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន ទាំងបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដ្រី និងកុមារតាមគ្រប់ទម្រង់ ពិសេសយកចិត្តទុកដាក់លើបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

*ទី៣៖ ការពង្រឹងការងារសណ្ដាប់ធ្នាប់ ចរាចរណ៍ និងអគ្គិភ័យ។ គោលដៅធំបំផុតកាត់បន្ថយគ្រោះថ្នាក់ ហើយការងារអាទិភាព គឺជំរុញការអប់រំឲ្យមានការចូលរួមពី ព្រោះកងកម្លាំងមិនអាចធ្វើតែឯកឯងបានទេ ពោលត្រូវតែមានការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ។

*ទី៤៖ ការងារព្រំដែន ត្រូវបន្ដកិច្ចសហការជាមួយកងទ័ពការពារព្រំដែន ការពារអធិបតេយ្យជាតិ ពិសេសពង្រឹងប្រព័ន្ធការពារតាមព្រំដែន បង្កើនកិច្ចសហការទប់ស្កាត់បទល្មើស លើកកម្ពស់សមត្ថភាពការហ្វឹកហាត់ និងការពង្រឹងស្មារតីសហការជាមួយប្រទេសជិតខាង
*ទី៥៖ ការងារនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវអនុវត្តឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនូវការងារនគរបាល និងសហគមន៍។ ការងារនេះជារឿងសំខាន់ ព្រោះជាចលករដ៏សំខាន់ជំរុញការអនុវត្តគោលនយោបាយជាតិ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។ លើសពីនេះ ត្រូវជំរុញការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលប៉ុស្ដិ៍ ការឧបត្ថម្ភគាំទ្រ និងផ្លាស់ប្ដូរឥរិយាបថក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ

*ទី៦៖ ពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ត្រូវត្រៀមលក្ខណៈសម្បត្តិជាប្រចាំដើម្បីចេញសង្គ្រោះនៅពេលមានហេតុការណ៍ និងគ្រប់គ្រងស្ថានការណ៍ នៅពេលមានហេតុការណ៍កើតឡើង។ ក្នុងនោះត្រូវរៀបចំក្រុមតាមដានប្រព័ន្ធទំនាក់ទំនងសង្គម ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតបដោះស្រាយ និងសំណូមប្រជាពលរដ្ឋ ខណៈនៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានមជ្ឈមណ្ឌលប្រចាំបញ្ជា លេខទូរស័ព្ទ ១១៧ រង់ចាំទទួលបណ្ដឹង និងការសួរនាំពីប្រជាពលរដ្ឋ៕
ដោយ៖ ពុទ្ធិពល