ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១២ នាព្រឹកថ្ងៃទី ៧ ខែមីនានេះ សម្តេចហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា រដ្ឋមន្ត្រីជាស្រ្ដី ២រូប ដែលកាន់តំណែងនាពេលបច្ចុប្បន្ន នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រីសម្រាប់អាណត្តិទី ៧ នៃរាជរដ្ឋាភិបាលបន្តទៀត។
បើតាមសម្តេច ហ៊ុន សែន ស្ត្រីទាំងពីររូបនោះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សម្តេច ហ៊ុន សែន ថ្លែងថា «មនុស្សមួយចំនួន អាចគួរដឹង អាចនឹងចង់ដឹង ក៏ប៉ុន្តែខ្ញុំអាចនិយាយបានថា ស្រ្ដី ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺមិនត្រូវបានផ្លាស់ប្ដូរទេ បន្តការងារតទៅទៀត»។
ក្នុងពិធីនោះ សម្តេច ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះរដ្ឋមន្ត្រីជាស្ត្រីទាំងពីររូបនេះ ផងដែរ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារជូនរាជរដ្ឋាភិបាល ៕ ដោយ៖ ពុទ្ធិពល