កាន់តែងាយស្រួលសម្រេាប់មន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ ប្រកាសដាក់ ឱ្យប្រើប្រាស់ MCS Mobile

ភ្នំពេញ៖ បន្ទាប់ពីបានបោះពុម្ព និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចមក ក្រសួងមុខងារសាធារណៈបានរៀបចំនិងដាក់ឱ្យដំណើរ ការនូវកម្មវិធី ( Mobile App) របស់ក្រសួងមុខងារសាធារណៈ ដែលមានឈ្មោះថា MCS Mobile ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធាណៈនៅថ្ងៃទី ៧ ខែមីនានេះ បញ្ជាក់ថា កម្មវិធីនេះ អនុញ្ញាតឱ្យមន្ដ្រីរាជការ អាចប្រើប្រាស់ជាមធ្យោបាយសម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនបាន រួមមាន៖ ព័ត៌មានទាក់ទងនឹងប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិនិងថ្នាក់ ប្រាក់ បៀវត្ស រួមទាំងទិន្នន័យនិងព័ត៌មានសំខាន់ដទៃទៀត។

ទន្ទឹមនោះ តាមរយៈកម្មវិធី MCS Mobile នេះ មន្ត្រីរាជការក៏អាចទទួលបានទាន់ពេលវេលា នូវរាល់ ព័ត៌មានពីក្រសួងមុខងារសាធារណៈផងដែរ។ ដើម្បីប្រើប្រាស់កម្មវិធី MCS Mobile សូមទាញយក(Download) ពីApp Store សម្រាប់ប្រព័ន្ធiOS ឬពីPlay Store សម្រាប់ប្រព័ន្ធAndroid។ ដោយ៖ ពុទ្ធិពល