ភ្នំពេញ៖ ក្រោមកិច្ចសម្របសម្រួលពីទីភ្នាក់ងារសហ-ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃរដ្ឋប៉ាឡេស្ទីន បានជួបពិភាក្សាផ្លាស់ប្ដូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងការងាររៀបចំការបោះឆ្នោតនៃប្រទេសទាំងពីរ។
កិច្ចពិភាក្សាផ្លាស់ប្ដូរទស្សនៈ និងបទពិសោធន៍ខាងលើនេះធ្វើឡើងកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ ក្រោមការដឹកនាំដោយ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និង លោក អាស្រាហ្វ ស៊ូអាប៊ី (Ashraf SHUAIBI) អគ្គលេខាធិការរង គ.ជ.ប ប៉ាឡេស្ទីន ។
លោក ទេព នីថា បានលើកឡើងអំពីប្រវត្តិនៃការបោះឆ្នោតនៅប្រទេសកម្ពុជាគឺនៅឆ្នាំ១៩៩៣ កម្ពុជាមានការបោះឆ្នោតសភាធម្មនុញ្ញ ដែលរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ហើយចាប់តាំងពីឆ្នាំ១៩៩៨ កម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយមានការគាំទ្រពីអង្គការអន្តរជាតិ និងប្រទេសផ្ដល់ជំនួយ ដូចជា សហភាពអឺរ៉ុប និងទីភ្នាក់ងារ JICA ជាដើម ក្នុងនោះ រួមមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
លោកបន្តថា ថា ចាប់តាំងពីឆ្នាំ២០១៥ មក កម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើការបោះឆ្នោតរបស់ខ្លួន ដោយបានដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងរដ្ឋធម្មនុញ្ញ។ សមាជិក គ.ជ.ប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា។
លោកបន្តទៀតថា គ.ជ.ប បានធ្វើកំណែទម្រង់លើការចុះឈ្មោះបោះឆ្នោត ដោយប្ដូរពីការចុះឈ្មោះដោយដៃ មកជាការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ។ លោកបានជម្រាបបន្ថែមថា ក្រៅពីនោះ គ.ជ.ប បានអភិវឌ្ឍការរៀបចំការបោះឆ្នោតឱ្យកាន់តែមានភាពងាយស្រួល និងមានទំនើបកម្ម តាមរយៈការដាក់ឱ្យប្រើប្រាស់៖ កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាបម្រើឱ្យការបោះឆ្នោត (ឯ.អ) កម្មវិធីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ បូកសរុបលទ្ធផលនៃការបោះឆ្នោត ការបែងចែកអាសនៈ និងការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត និង កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹង។
លោកបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាកំពុងរៀបចំការបោះឆ្នោតចំនួន ២ នោះគឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងការបោះឆ្នោតក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក ដែលទើបបំបែក និងបង្កើតថ្មី។
លោក អាស្រាហ្វ ស៊ូអាប៊ី (Ashraf SHUAIBI) បានវាយតម្លៃខ្ពស់ចំពោះការចុះឈ្មោះបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនដល់ទៅជាង ៨០ភាគរយ។ លោកក៏បានសង្កេតឃើញ និងកោតសរសើរចំពោះវគ្គអប់រំអ្នកបោះឆ្នោតបន្ត ដែល គ.ជ.ប កម្ពុជា សហការជាមួយ JICA បាននិងកំពុងរៀបចំនៅតាមគ្រឹះស្ថានសិក្សានានា ដើម្បីបញ្ជ្រាបការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតជូនដល់យុវជន។
ភាគី គ.ជ.ប កម្ពុជា និង គ.ជ.ប ប៉ាឡេស្ទីន មានការជឿជាក់ថា គ.ជ.ប ទាំងពីរនឹងមានកិច្ចសហការ ការចែករំលែក ការផ្លាស់ប្ដូរបទពិសោធន៍ និងការអនុវត្តល្អៗ ជាបន្តបន្ទាប់ទៀត តាមរយៈកិច្ចសម្របសម្រួលពីទីភ្នាក់ងារ JICA៕ ដោយ៖ ពុទ្ធិពល