ស្នងការភ្នំពេញបំភ្លឹរឿងស្ត្រីម្នាក់ផុសថា «រាល់ថ្ងៃនេះ ក្រៅពីចោរ គឺប៉ូលិសនេះហើយគួរឲ្យខ្លាច *ភ្នំពេញ នៅស្តុបអាងទឹកអូរឡាំពិក»

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ នេះ បានចេញបកស្រាយបំភ្លឺព័ត៌មាន ទាក់ទងអាខោនហ្វេសប៊ុកមួយឈ្មោះ Rachana Kim បានផុសថា “រាល់ថ្ងៃនេះ ក្រៅពីចោរ គឺប៉ូលិសនេះហើយគួរឲ្យខ្លាច *ភ្នំពេញ នៅស្តុបអាងទឹកអូរឡាំពិក…”។

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថាជាក់ស្តែងចំពោះស្ត្រីម្នាក់ដែលបានបើកបរ ឆ្លងផុតគំនូសស ឬគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងហើយ ភ្លើងបានលោតលឿងនោះ សមត្ថកិច្ចមិនបានធ្វើការផាកពិន័យ ហើយក៏មិនបានប្រើប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យនោះទេ នៅពេលមន្ត្រីហៅគាត់ឈប់ដើម្បីពន្យល់ ណែនាំអប់រំ គាត់បែរជាយំរហូត ដោយមិនមានរណាម្នាក់ធ្វើអ្វីគាត់ផងនោះ ឃើញដូច្នេះមន្ត្រីក៏បានប្រាប់គាត់ឲ្យឈប់យំ សមត្ថកិច្ចគ្រាន់តែណែនាំអប់រំ ហើយឲ្យគាត់បើកចេញទៅ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា តាមច្បាប់ចរាចរណ៍ផ្លូវគោគ នៃព្រះរាជាណាចក្រកម្ពុជា អ្នកដែលល្មើសច្បាប់ ត្រូវតែធ្វើការផាកពិន័យតាមច្បាប់ ការគោរពច្បាប់បានល្អរបស់ប្រជាពលរដ្ឋ បង្ហាញពីចរិតនៃការចូលរួមគោរពច្បាប់ និងបង្ហាញពីកិត្យានុភាព និងកិត្តិយសរបស់ប្រជាជាតិ និងប្រជាពលរដ្ឋរបស់ប្រទេសនោះផងដែរ ។

ស្នងការនគរបាលរាជធានីភ្នំពេញបន្តថា ដូច្នេះ បើមានភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និយាយជារួមមានច្បាប់ហើយមិនគោរព តើវានឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កម្រិតណា ធ្វើឲ្យបាត់បង់អាយុជីវិត គ្រោះថ្នាក់បណ្តាលឲ្យពិការ និងបាត់បង់ទ្រព្យសម្បត្តិជាច្រើនទៀតផង ។ ក្នុងករណីដែលអនុវត្ត ឬពិន័យខុស ជារឿងរបស់បុគ្គល បើបុគ្គលធ្វើខុស ធ្វើលើសពីការណែនាំ នោះនឹងត្រូវទទួលការអនុវត្តវិន័យ ឬអនុវត្តតាមច្បាប់ ទៅតាមស្ថានភាពកំហុសជាក់ស្តែង ។

បើតាមស្នងការនគរបាលរាជធានីភ្នំពេញ មួយរយ:ពេលកន្លងមកនេះមន្ត្រីមួយចំនួន ដែលបានអនុវត្តខុស ឬអនុវត្តលើសការណែនាំ ត្រូវបានអនុវត្តវិន័យ ដោយបានធ្វើការដាក់វិន័យ ដកតួនាទី ឬ បន្ថយឋានន្តរស័ក្ត ជាដើ ដើម្បីជាការព្រមានឲ្យដឹង និងយល់អំពិកំហុសដែលបានប្រព្រឹត្តិ ។ ល។

ប្រភពដដែលនេះបញ្ជាក់ថា ពាក់ព័ន្ធអ្នកបើកបរយានជំនិះពេលមកដល់ភ្លើងស្តុបពណ៌លឿង បើកបរជ្រុលបានន័យថាកង់ខាងមុខឆ្លងផុតគំនូសជាប់ពណ៌សដែលកាត់ទទឹងផ្លូវ ឬមានគំនូសថ្មើរជើងឆ្លងកាត់ អ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន អាចទៅមុខត្រង់ បត់ស្តាំ ឬបត់ឆ្វេង ករណីនេះមន្ត្រីចរាចរណ៍មិនអាចផាកពិន័យបានទេ៕
ដោយ៖ ពុទ្ធិពល