លោក កឹម សុខា ត្រូវបានផ្តន្ទាទោសឃុំខ្លួន ២៧ឆ្នាំនៅក្នុងផ្ទះ ដោយមិនឲ្យជួបអ្នកដទៃ និងដកសិទ្ធិធ្វើនយោបាយ

ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានអះអាងក្រោយបញ្ចប់ការប្រកាសសាលក្រមនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ឱ្យដឹងថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសរយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស(ក្បត់ជាតិ )។

លោកបន្តថា ការសម្រេចផ្តន្ទាទោសនេះ គឺតុលាការតម្រូវ ឱ្យឃុំខ្លួនលោកនៅក្នុងផ្ទះរយៈពេល ២៧ឆ្នាំដោយមិនអនុញ្ញាតឱ្យចេញជួបអ្នកណា និងដកសិទ្ធិស៊ីវិល និងសិទ្ធិធ្វើនយោបាយជាស្ថាពរ។

លោកថ្លែងយ៉ាងខ្លីថា «(លោក កឹម សុខា)ទោស ២៧ឆ្នាំ ឃុំក្នុងផ្ទះមិនឲ្យចេញទៅជួបអ្នកដទៃ ហើយដកសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយជាស្ថាពរ»។

លោក កឹម សុខា ក្រោយមានការដោះលែងចេញពីពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាមការណ៍ដែលលោកបានជាប់នៅទីនោះប្រមាណជា១ឆ្នាំដោយសារពាក់ព័ន្ធអំពើក្បត់ជាតិ គិតមកទល់ពេលនេះមានរយៈពេល៥ឆ្នាំ៦ខែ ហើយក៏បានតតាំងក្តីក្តាំក្នុងតុលាការ ដើម្បីស្វែងរកយុត្តិធម៌ចំពោះការចោទប្រកាន់។

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់សេចក្តីសន្និដ្ឋានជាស្ថាពរលើសំណុំរឿងក្តី «សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា កាលពីវេលាម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបានបើកសវនាការលើកទី៦៣ សម្រាប់ស្តាប់សេចក្តីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការ និងសហមេធាវីការពារក្តីលោក កឹម សុខា ក៏ដូចជាមេធាវីដើមបណ្តឹងដែលតំណាងរាជរដ្ឋាភិបាល ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរាត្រីថ្ងៃទី២ ខែកញ្ញា ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកក្នុងទឹកដីខណ្ឌទួលគោក រាជធានីភ្នំពេញ និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយចោទពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ បន្ទាប់មកលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕ ដោយ៖ រិន ចំរើន