ភ្នំពេញ ៖ តបទៅមនុស្សមួយចំនួនដែលបានលើកថា ខ្លួនមានបំណងចង់ដណ្តើមធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាពីលោក ហ៊ុន ម៉ាណែត នោះ លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងចំណោមបងប្អូនប្រុស៣នាក់ដែលបច្ចុប្បន្នជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានលើកសរសើរពីវិរៈភាពរបស់បងប្រុសខ្លួនថា ដោយសារលោក ហ៊ុន ម៉ាណែត មានសមត្ថភាពគ្រប់គ្រាន់ និងមានការគាំទ្រពីសមាជិកគណបក្សប្រជាជនកម្ពុជាទើបមានការជ្រើសរើសជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក.កាលពីថ្ងៃ២៨ កុម្ភៈលោក ហ៊ុន ម៉ានី បានលើកឡើងថា «ការគិតគូរ ជ្រើសរើសបេក្ខភាពបងណែត (ឯកឧត្តម ហ៊ុន ម៉ាណែត) ជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ផ្អែកជាចម្បងលើការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ទាំងលក្ខណៈសម្បត្តិ និងសមត្ថភាព »។
លោកថា លក្ខណៈសម្បត្តិរបស់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ជាមួយមូលហេតុមួយចំនួនសម្រាប់ជាការពិចារណា៖ គឺចំណុចទី១- ការគាំទ្រឯកច្ឆន្ទក្នុងជួរគណបក្ស ការជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត មិនមែនជារឿងបន្តពីឪពុក មកកូន ក៏មិនមែនជាការចៃដន្យនោះទេ តែជាការគិតគូរដោយចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា និងដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍជាតិ។ ការជ្រើសរើសនេះ កើតក្រោយពីមានការវាយតម្លៃលើគ្រប់លក្ខណៈសម្បត្តិ និងសមត្ថភាពដោយថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងនៅក្នុងក្របខណ្ឌផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈការបោះឆ្នោតជាឯកច្ឆន្ទនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
ចំណុចទី២-ជាការគាំទ្រពីមជ្ឈដ្ឋានមហាជន និងការទទួលស្គាល់ទាំងលក្ខណៈសម្បត្តិ ទាំងសមត្ថភាព ៖ មានមនុស្សមិនតិចទេធ្លាប់បានឃើញសកម្មភាព ធ្លាប់បានជួបផ្ទាល់ជាមួយលោក ហ៊ុន ម៉ាណែត និងបង្ហាញពីការគាំទ្រយ៉ាងច្រើនកុះករ មិនថាក្នុងជួរបញ្ញវន្ត អាជីវករ ធុរជន អ្នកប្រកបវិជ្ជាជីវៈនានា កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ជារួមគឺមហាជនគ្រប់មជ្ឈដ្ឋាន។
លោកបន្ថែមថាដោយឡែក ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានជំរុញការងារ កំណែទម្រង់លើជួរកងទ័ព ពង្រឹងស្មារតីស្នេហាជាតិ លើកស្ទួយកិត្តិយសក៏ដូចជាតម្លៃរបស់នាយទាហ៊ាន ពលទាហ៊ាន គ្រប់លំដាប់ថ្នាក់ដែលទទួលបានការគាំទ្រដ៏ស្មោះស្ម័គ្រ និងរួមសុខរួមទុក្ខពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាមូលដ្ឋានចាំបាច់បំផុតរបស់អ្នកដឹកនាំបន្តវេន ក្នុងការបន្តបេសកម្មរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្ថិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម។
ចំណុចទី៣-កិច្ចការក្នុងក្របខណ្ឌអន្តរជាតិ៖ លោក ហ៊ុន ម៉ាណែត តែងតែទទួលបានការអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ ការស្នើសុំជួបពិភាក្សាការងារ និងកិច្ចប្រជុំតំណាងឲ្យក្រសួងការពារជាតិជាមួយបណ្តាប្រទេសមហាអំណាចទាំងក្នុងតំបន់ និងពិភពលោក ជាបន្តបន្ទាប់ ក៏ដូចជាជាមួយបណ្តាប្រទេសជាមិត្ត ដែលនេះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការទទួលស្គាល់សមត្ថភាព នៃភាពជាអ្នកដឹកនាំកម្រិតខ្ពស់លោក ហ៊ុន ម៉ាណែត ជាមួយការគាំទ្រពីបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តទាំងអស់នោះផងដែរ។
លោកបន្ថែមថា ជារួមការថ្លឹងថ្លែងលើបេក្ខភាពលោក ហ៊ុន ម៉ាណែត កើតចេញពីការគិតគូរវែងឆ្ងាយលើភាពយូរអង្វែងនៃការដឹកនាំប្រទេស ទាំងសមត្ថភាព ចំណេះដឹង សិល្បៈនៃការដឹកនាំ ការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដែលសំដៅដល់សមត្ថភាពនៃការដឹកនាំប្រទេសប្រកបដោយវិបុលភាព ជាមួយការរក្សាបានស្ថិរភាពសង្គមនយោបាយ សន្តិភាព និងធានានិរន្តរភាពនៃការរីកចម្រើនរបស់ប្រទេសជាតិជាបន្តទៅអនាគត៕ ដោយ៖ រិន ចំរើន