សម្តេច ស ខេង ៖ រាជរដ្ឋាភិបាល នឹងពិចារណាតម្លៃប៉ាស្ព័រ ក្រោយពលរដ្ឋត្អូញត្អែរ មានតម្លៃថ្លៃ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងពិចារណាតម្លៃលិខិតឆ្លងដែន (ប៉ាស្ព័រ) ឲ្យមានតម្លៃសមស្របណាមួយ ព្រោះមានប្រជាពលរដ្ឋត្អូញត្អែរ ថា មានតម្លៃថ្លៃពេក។

ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិសិ្សត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ សម្តេច ស ខេង បានថ្លែងថា «អ្នកខ្លះស្រែថា ប៉ាស្ព័រ ថ្លៃពេកដែរ រដ្ឋាភិបាលនឹងពិចារណាទៀត តម្លៃប៉ុណ្ណាដែលស្រប រដ្ឋាភិបាលយើងនេះ គឺកើតចេញពីការបោះឆ្នោត»។

សូមបញ្ជាក់ថា បើតាមនីតិវិធីបែបបទនៃការធ្វើលិខិតឆ្លងដែន គឺលិខិតឆ្លងដែនធម្មតាប្រើរយៈពេលធ្វើ២០ថ្ងៃ គេត្រូវបង់ថ្លៃ១០០ដុល្លារ ខណៈសេវារយៈពេល១០ថ្ងៃមានតម្លៃ១៥០ដុល្លារ។ ដោយឡែក សេវារយៈពេល១ថ្ងៃ គេត្រូវបង់ថ្លៃ ២០០ដុល្លារ៕ ដោយ៖ រិន ចំរើន