ភ្នំពេញ ៖ ម្តងទៀតហើយដែលសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកទៅអភិបាលខេត្តជាប់ពំ្រដែន មិនត្រូវអនុញ្ញាតប្រជាពលរដ្ឋខ្លួន ជួលដីទៅឲ្យប្រទេសជិតខាងនោះទេ ។
ការរំលឹកឡើងវិញនេះ ក្នុងឱកាសសម្តេចអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
សម្ដេចមានប្រសាសន៍ថា «ខ្ញុំ សូមបញ្ជាក់ សូមឲ្យបណ្ដាខេត្តជាប់ព្រំដែន ទោះបីប្រទេសណាក៏ដោយ គឺដាច់ខាតៗ មិនត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋជួលដីទៅឲ្យប្រជាជននៅជាប់ពំ្រដែននេះ ប្រទេសផ្សេង បានន័យថា ប្រជាជនថៃ ប្រជាជនវៀតណាម ឡាវ សូមចង់ចាំ»។
សូមបញ្ជាក់ថា រឿងនេះមិនមែនជារឿងថ្មីទៀតដែលសម្តេច ស ខេង បានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ច ព្រោះកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានរំលឹកប្រជាពលរដ្ឋខ្មែរហាមជួលដីនៅតាមព្រំដែន ទៅឲ្យប្រជាជននៃប្រទេសជិតខាង ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ បានចេញសារាចរណែនាំមួយ ស្តីពី ការហាមប្រាមពលរដ្ឋខ្មែរ មិនឲ្យលក់ ឬជួលដីស្រែ ដីចំការ និងដីលំនៅឋាន នៅតាមព្រំដែន ទៅឲ្យពលរដ្ឋនៃប្រទេសជិតខាង ៕ ដោយ៖ រិន ចំរើន