លោកស្រី Gabriele KATZMAREK៖ កម្ពុជា-អាល្លឺម៉ង់ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនិងរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ លោកស្រី Gabriele KATZMAREK ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន បានលើកឡើងថា ប្រទេសកម្ពុជានិងអាល្លឺម៉ង់មានទំនាក់ទំនិងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាតំាងពីរយូរណាស់មកហើយ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃទី ២២ ខែកុម្ភៈនេះ លោកស្រី Gabriele KATZMAREK បញ្ជាក់ថា ដូច្នេះប្រទេសទំាងពីរត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅនិងរឹងមាំបន្ថែមទៀតនៅក្នុងការកសាងសមិទ្ធផលថ្មីៗដល់ប្រទេសទំាងសងខាង។

ជាមួយគ្នានេះ លោកស្រីក៏បានបានអបអរសាទរចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ នាពេលបច្ចុប្បន្ននេះ។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា អាល្លឺម៉ង់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ និងការផ្តល់ជំនួយសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៍នានា និងតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម និងវប្បធម៌ ដ៏ល្អជាមួយគ្នាផងដែរ។

សម្តេចបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានទំនាក់ទំនងការទូត ជាមួយគ្នារយៈពេលជាង ៥ទសវត្សរ៍មកហើយ។ ទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។ កាលពីសប្តាហ៏មុន លោកប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់។

សម្តេចបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកស្រី Gabriele KATZMAREK និងគណៈប្រតិភូនាពេលនេះ នឹងកាន់តែជួយលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ឱ្យកាន់តែស្អិតរមួត និងរីកចម្រើនខ្លាំងក្លាទ្វេដងថែមទៀត៕ ដោយ៖​ ពុទ្ធិពល