ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយករូបភាពមេបញ្ជាការរងអាវុធហត្ថខេត្តតាកែវម្នាក់ បង្កើតគណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់

ខេត្តតាកែវ៖ យុវជនម្នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវនិងឃាត់ខ្លួនបានកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ក្រោយពីយករូបភាពក្រុមគ្រួសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តម្នាក់ បង្កើតជាគណនី Facebook និង Telegram ក្លែងក្លាយ ក្នុងគោលបំណងជំរិតទារប្រាក់ ។

លោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ឱ្យដឹងថា ដោយមាន បទបញ្ជាពី លោក សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កង វីរ:យុទ្ធ ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាប់ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់តាមទូរស័ព្ទ និង គំរាមកំហែងហែកកេរ្តិ៍ ដោយប្រើប្រាស់គណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់ ពីពលរដ្ឋជាថ្នូរមិនចុះផ្សាយព័ត៌មាន ។

បើតាម លោក ង៉ែត ចាន់ធី បុគ្គលខាងលើនេះបានបង្កើតគណនីក្លែងក្លាយមួយ ដោយបានផ្ញើសារមកគំរាមទារលុយ ប្រសិនមិនបាននោះទេ រូបគេនឹងដាក់ផ្សាយព័ត៌មានក្លែងក្លាយ ហែកកេរ្ដិ៍មូលបង្កាច់លើរូបលោកផ្ទាល់តែម្ដង។ លោកបន្ថែមថា កន្លងមកបុគ្គលនេះហើយដែលធ្លាប់ប្រើប្រាស់គណនី Facebook និង Telegram ក្លែងក្លាយ គំរាមបង្ហោះព័ត៌មានក្លែងក្លាយចោទប្រកាន់នានាទៅថ្នាក់ដឹកនាំ កាលពីអំឡុងឆ្នាំ២០១៩ ដោយបានធ្វើការបរិហារកេរ្ដិ៍ទម្លាក់ការចោទប្រកាន់លើក្រុមគ្រួសាររបស់លោកថា រកស៊ីជួញដូរគ្រឿងញៀន ដោយការចោទប្រកាន់បែបនេះហើយលោក រួមនឹងក្រុមគ្រួសារ គឺមិនអាចទទួលយកបាននោះទេ សុំបដិសេធន៍ចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើគ្រួសាររបស់លោកបែបនេះ៕
ដោយ៖ ពុទ្ធិពល