សម្តេច ហ៊ុន សែន៖ កុំរំពឹងថា វិទ្យុវីអូឌី រស់ឡើងវិញឱ្យសោះ

ភ្នំពេញ៖ «កុំរំពឹងថា វិទ្យុវីអូឌី រស់ឡើងវិញឱ្យសោះ»។ នេះ គឺការថ្លែងរបស់សម្តេច ហ៊ុន សែន ប្រមុខនៃរដ្ឋាភិបាលកម្ពុជា ប្រាប់ទៅបណ្តាស្ថានទូត និងសាធារណៈជននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្នុងពេលញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតចំនួន ១,៩៤៦នាក់ នៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

សម្តេចបានចាត់ទុកការផ្សាយរបស់វិទ្យុ VOD ថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច គឺជាកំហុសមួយដ៏ធ្ងន់ធ្ងរ ជាពិសេសជាការវាយប្រហារដ៏ធ្ងន់ទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល លើការចាត់ចែងថវិកាជាតិ។

ជាមួយគ្នានេះ សម្តេចនឹងត្រៀមសួរ ទៅបរទេសថា តើការផ្សាយចោទ លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយជំនួសសម្តេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ?។សម្តេចបន្ថែមថា ការបិទវិទ្យុ វីអូឌី មិនធ្វើឱ្យស្លាប់ប្រជាធិបតេយ្យនៅកម្ពុជានោះទេ។

សម្តេចថ្លែងថា «កុំសង្ឃឹមថាអ្នកឯង អាចរស់ឡើងវិញ តាមរយៈទៅពឹងបរទេស បើពឹងបានគណបក្សដែលរំលាយទៅ ងាប់បានហើយ វារស់ឡើងវិញបានហើយ មិនមែនត្រឹមកូនវិទ្យុតូចមួយនេះទេ ហើយបិទ VOD ក៏មិនធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជា វាងាប់ដែរ វាអត់ងាប់ទេ ផ្ទុយទៅវិញ វាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌នៃសារព័ត៌មាន បានត្រឹមត្រូវ»។

សម្តេចបន្តថា « វាល្មមដល់ទីបញ្ចប់ វាស៊យវារឿងអីមកវាយទាំងឪ ទាំងកូន វាយទាំងរដ្ឋាភិបាល គោលដៅវាយខ្ញុំជាមួយនឹងកូន ។ ខ្ញុំសុំរំលឹកជនបរទេសនានា សូមកុំមកពាក់ព័ន្ធ ប្រទេសនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអស់លោកទេ»៕ ដោយ៖ ពុទ្ធិពល