កណ្តាល៖ ស្ពានបេតុងថ្មី ដែលគាំទ្រដោយជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ “គូសាណូណិ” របស់ជប៉ុន ត្រូវបានប្រារព្វសម្ពោធដាក់ឲ្យដំណើការនៅថ្ងៃទី១៨ ខែកុម្ភៈ នេះនៅស្រុកកោះធំ ខេត្តកណ្តាល។
ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះ ក្រោមអធិបតីភាពរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ីថ្លែងថា ស្ពានបេតុងនេះត្រូវបានសាងសង់ជំនួសស្ពានឈើដែលទ្រុឌទ្រោមនៅក្នុងឃុំលើកដែក។ ស្ពាននេះ រួមចំណែកជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ព្រមទាំងការដឹកជញ្ជូនទំនិញក្នុងស្រុកផងដែរ។
លោកបន្តថា យើងសង្ឃឹមថា គម្រោងនេះនឹងរួមចំណែកដល់ការពង្រឹងកម្រិតជីវភាពរស់នៅក្នុងសហគមន៍ និង ផ្តល់ឱ្យប្រជាជននូវការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ និងផ្សារ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៕ ដោយ៖ ពុទ្ធិពល