ករណីប្រពន្ធដើមវាយប្រពន្ធចុង! អ្នកដែលរងគ្រោះ គឺស្ត្រីទាំងពីរនាក់

ភ្នំពេញ៖ ករណីប្តីលួចទៅមានប្រពន្ធចុងបានធ្វើឱ្យប្រពន្ធដើមខឹងសម្បារយ៉ាងខ្លាំងឈានដល់ប្រើប្រាស់អំពើហឹង្សា លើប្រពន្ធចុងរបស់ប្តី ហើយត្រូវបានចែករំលែកព្រោងព្រាត និងផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន KHMER CM កាលពីថ្ងៃទី ១៤ ខែកុម្ភៈ លោក ស្រី ស ស្រីណែត ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី ថ្លែងថា ករណីខាងលើនេះ អ្នកដែលរងគ្រោះខ្លាំងជាងគេ គឺស្ត្រីទាំងពីរនាក់ ហើយអ្នកដែលបង្កឡើង គឺខាងភាគីបុរស។

លោកស្រីពន្យល់ថា​ ករណីខាងលើនេះ ត្រូវបានចែកចេញជា២ ទី១ បើគិតតាមច្បាប់ឯកពន្ធភាព ក្នុងលក្ខខណ្ឌ ប្តីប្រពន្ធនោះ បានចុះអេតាស៊ីវិល ស្ត្រីដែលយកប្តីគេនោះ គឺខុស រីឯ បុរសក៏ខុសដែរ ពីព្រោះខ្លួនដែលមានចំណងអាពាហ៍ពិពាហ៍ហើយ គឺមិនអាចទៅមាន ប្រពន្ធថ្មីបានទេ ។

លោកស្រីបន្តថា ទី ២ ចំពោះប្រពន្ធមុន ឬប្រពន្ធដើម ឈានដល់ដំណាក់ប្រើប្រាស់អំពើហឹង្សា ទៅលើប្រពន្ធចុងរបស់ប្តីនោះ គឺជាអ្នកខុសធ្ងន់ធ្ងរ។ ដូច្នេះហើយបានជាក្រសួងតែងតែមានការផ្សព្វផ្សាយកុំឱ្យមានការប្រើប្រាស់អំពើហឹង្សា និងឱ្យចេះទប់អារម្មណ៍នៅពេលដែលមានកំហឹងកើតឡើងខ្លាំង កុំឱ្យក្លាយទៅជាមានកំហុស ឬជាជនរងគ្រោះ ។

លោកស្រីថ្លែងថា៖ «បើនិយាយពីករណីទី ១ គឺប្តី និងស្រីរបស់គាត់ គឺជាអ្នកមានកំហុស ។ តែ បើនិយាយដល់ ប្រពន្ធទី ១ គាត់ទៅ វាយគេ ឬ ប្រើអំពើហឹង្សា វាខុសហើយ។ ប៉ុន្តែ បើនិយាជារួម អ្នកដែលរងគ្រោះពិតប្រាកគឺ ស្ត្រីទាំងពីរនាក់ ហើយ អ្នកដែលបង្កឡើង គឺភាគីខាងបុរស»។

លោកស្រីបញ្ជាក់ទៀតថា ដោយឡែកចំពោះការចែករំលែកពីករណីខាងលើនេះ និងបានបញ្ចេញមតិផ្សេងៗ នៅតាមបណ្តាញសង្គម គឺជារឿងរបស់ពួកគេ ។ ប៉ុន្តែ អ្វីដែលសំខាន់ ពួកគេ នឹងចូលរួមទប់ស្កាត់ កុំឱ្យកើតមានឡើងដូចម្តេច ? ។ ពលរដ្ឋត្រូវចាប់ផ្តើមពីខ្លួនឯង និងដោះស្រាយដោយអហឹង្សា តាមរយៈការជជែកគ្នា ឬពិភាក្សាគ្នា ទើបអ្វីៗ នឹងល្អប្រសើរ៕ ដោយ៖ ពុទ្ធិពល