នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើដំណើរទៅដល់ក្រុងវៀងច័ន្ទហើយ

ភ្នំពេញ ៖ បន្ទាប់ពីធ្វើដំណើរជាង១ម៉ោងចេញពីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ។

ការចេញទៅឡាវរបស់សម្តេចនេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ ថ្ងៃពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ និងគណៈប្រតិភូត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់រដ្ឋាភិបាលឡាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំឡាវ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។

តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ នឹងពង្រីកបន្ថែមទៀត នវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕ ដោយ៖ រិន ចំរើន