អ្នកវិភាគស្នើសុំឱ្យសម្តេច ហ៊ុន សែន ជួយរកភាពស្អាតស្អំជូនដល់អ្នកសារព័ត៌មានVOD ជាស្ត្រីម្នាក់

ភ្នំពេញ៖ លោក សេង សារី អ្នកវិភាគបញ្ហាសង្គម និង នយោបាយ បានស្នើដល់សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល និង លោក ហ៊ុន ម៉ាណែត ជួយស្វែងរកយុត្តិធម៌ ជូនដល់អ្នកសារព័ត៌មានជាស្ត្រី របស់ VOD ម្នាក់ ដែលទទួលរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរ ពីសំណាក់លោក ផែង វណ្ណៈ ។

លោក សេង សារី បានសរសេរនៅលើទំព័រហ្វេសបុកនៅថ្ងៃទី ១៣ ខែកុម្ភៈថា «សម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ! សម្តេច និងកូនប្រុស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលមកវិញនូវភាពស្អាតស្អំ កិត្តិយស និងសេចក្ដី ថ្លៃថ្នូរហើយ តាមរយ:ការបញ្ចប់អាជ្ញាប័ណ្ណរបស់VOD ប៉ុន្តែក្មេងស្រីម្នាក់ជាអ្នកសារព័ត៌មានដែលមិនត្រឹមតែបាត់បង់ការងារទេ តែនាងបានទទួលរងការប្រមាថយ៉ាងធ្ងន់ធ្ងរពីបុគ្គលពាលជ្រកក្រោមស្លាកអ្នកសារព័ត៌មាន ផែង វណ្ណះ ហេីយនាងក៏មិនទាន់ទទួលបានកិត្តិយស និងសេចក្តីថ្លៃថ្នូរ បស់នាងមកវិញទេ! »។

លោកបន្តថា «សូមសម្តេចមេត្តាពិចារណាផ្តល់យុត្តិធម៌ កិត្តិយស និងសេចក្តី ថ្លៃថ្នូឱ្យនាងផង!»។

លោក ផែង វណ្ណះ បានប្រមាថ អ្នកសារព័ត៌មានស្ត្រី របស់ VOD មា្នក់ថា ជាស្រីក្មេងមានរូបសម្បត្តិស្អាតបាតដែរ តែចរិកព្រៃផ្សៃហ៊ាននិយាយ ព័ត៌មានមួលបង្កាច់លោក ហ៊ុន ម៉ាណែត ទាំងទទឹងទិស និយាយ គ្មានភស្តុតាង គ្មានមូលដ្ឋានអ្វីទាំងអស់ ។

លោកបន្តថា « ចរិកថោកទាបដូចនាង អាណា យកធ្វើប្រពន្ធងាប់ហើយ ។ ឈប់បានឈប់ទៅកុំព្រោះតែបានប្រាក់ខែបរទេស ហ៊ានក្បត់ជាតិខ្លួនឯង និយាយប្រឌិតមួយបង្កាច់ មនុស្សត្រឹមត្រូវ តាមអំពើចិត្តនោះ ។ បើខ្ញុំផ្សាយថាខ្ញុំទើបយកខ្លួននាងបាន ៣–៤ដង និង ធ្លាប់ជូននាងទៅយកកូនចេញម្ដងដែរ នាងយល់អារម្មណ៍ដែលគេចោទ ទទឹងទិសបបណាដែរ ?»។

ការប្រមាថ របស់ លោក សផែង វណ្ណៈខាងលើ ត្រូវបាន ក្រុមអ្នកសារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា ជាពិសេស អ្នកសារព៌មានជាស្ត្រី បានចេញមុខថ្កោលទោស និង មិនអាចទទួលយកបាន នូវពាក្យអសុរស និងធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រី និងសីលធម៌សង្គមផងដែរ៕ ដោយ៖ ពុទ្ធិពល