សម្តេចហ៊ុន សែន មិនទទួលយកពាក្យ «សូមទោស» ពីស្ថាប័ន VOD ក្រោយមានភាពយឺតយ៉ាវ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន មិនទទួលយកពាក្យ «សូមទោស«  ពីស្ថាប័ន VOD ក្រោយពីស្ថាប័ននេះ មានភាពយឺតយ៉ាវក្នុងការធ្វើលិខិត សូមទោស ជាសាធារណៈចំពោះប្រមុខរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកាចុះផ្សាយមិនមិនគោរពវិជ្ជាជីវៈ និងក្រមសីលធម៌។

សម្តេចហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានសេរសេរនៅលើទំព័រហ្វេសបុកនៅយប់រំលងអាធ្រាតឈានដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឱ្យដឹងថា  «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូម ទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?»។
សម្តេចបន្តថា  «មុនត្រូវមួយកំភ្លៀងគិតណាស់រឿង កិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់ មិនហ៊ាននិយាយផងតែក្រោយត្រូវមួយ កំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូម ទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ»។

សម្តេចបន្ថែមថា «ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិន ផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។ ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូច ដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ ២០២៣ដោយគ្មានការកែប្រែ»។

សម្តេចបញ្ជាក់ទៀតថា  «សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវ បន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយ ព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យ បងប្អូនបាត់បង់ការងារធ្វើ»៕ ដោយ៖ ពុទ្ធិពល