រដ្ឋមន្ត្រីព័ត៌មាន៖ VOD ប្រើភាសាទូត ទោះចង់ជួយក៏ពិតជាយ៉ាប់ហើយ!

ភ្នំពេញ៖« ស្ថាប័នកាសែតប្រើភាសាទូតទោះចង់ជួយក៏ពិតជាយ៉ាប់ហើយ»។ នេះ គឺការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ ចំពោះសារព័ត៌មាន VOD ដែល មិនចេញមុខសូមទោសចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។

លោក រដ្ឋមន្ត្រី ខៀវ កាញារិទ្ធ បានសេរសេរ ថា «តំណក់ចុងក្រោយដែលធ្វើអោយទឹកហៀរចេញពីធុង ! មិនដឹងអ្នកណាជាអ្នកអោយយោបល់ VOD ! តែមានតែស្ថានទូតទេ ដែលប្រឹងចៀសមិនប្រើពាក្យ«សូមទោស» !

លោកបន្តថា ស្ថាប័នកាសែតប្រើភាសាទូតទោះចង់ជួយក៏ពិតជាយ៉ាប់ហើយ ! តែក៏ជាមេរៀនដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានឯទៀតដែរ ។ ស្ថាប័នដែលមិនព្រមចុះការបំភ្លឺរបស់គេអាចប្រឈមនឹងការដកអាជ្ញាប័ណ្ណដូចគ្នា !»

ករណី VOD សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចជាផ្លូវការបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ចប់អាជ្ញាប័ណ្ណវិទ្យុ VOD ចាប់ពីពេលនេះតទៅ និងបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹក ថ្ងៃ១៣ កុម្ភៈស្អែកនេះជាគំហិត។

ការសម្រេចរបស់សម្តេចបែបនេះ បន្ទាប់ពីវិទ្យុមួយនេះបានធ្វើលិខិតនៅថ្ងៃនេះផ្ញើជូនសម្តេចដោយមិនបានសុំទោសរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ដូចអ្វីដែលសម្តេចចង់បាននោះទេ។ ផ្ទុយទៅវិញលិខិតរបស់វិទ្យុមួយនេះ គ្មានតែប្រើប្រាស់ពាក្យថា សូមសំដែងការសោកស្តាយនិងសូមអធ្យាស្រ័យពាក់ព័ន្ធនឹងការចុះផ្សាយរបស់ខ្លួនដែលថា លោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឱពុកក្នុងការផ្តល់ជំនួយឱ្យតួកគីទៅវិញ។

សម្តេចតេជោ បានចោទជាសំណួរថា «តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ»។ សម្តេចតេជោ ថា «តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្តមផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ»។

«ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ ២០២៣ជាកំហិត»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ សម្តេចបានណែនាំឱ្យសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ សម្តេចតេជោ ថា«យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ»។

សម្រាប់សម្តេចតេជោ «ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺហ៊ុន ម៉ាណែតដែលគាត់ពុំបានដឹងរឿងអ្វីសោះ»។

សម្តេចតេជោ បន្តថា «តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?»។

ក្នុងន័យនេះ សម្តេចតេជោ ថា «សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕