ករណី VOD៖ សម្តេចតេជោសម្រេចចុងក្រោយគឺបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានបិទវិទ្យុ VOD ចោលតែម្តង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចជាផ្លូវការបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ចប់អាជ្ញាប័ណ្ណវិទ្យុ VOD ចាប់ពីពេលនេះតទៅ និងបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹក ថ្ងៃ១៣ កុម្ភៈស្អែកនេះជាគំហិត។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេចនៅយប់ថ្ងៃទី១២ កុម្ភៈនេះ។

ការសម្រេចរបស់សម្តេចបែបនេះ បន្ទាប់ពីវិទ្យុមួយនេះបានធ្វើលិខិតនៅថ្ងៃនេះផ្ញើជូនសម្តេចដោយមិនបានសុំទោសរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ដូចអ្វីដែលសម្តេចចង់បាននោះទេ។ ផ្ទុយទៅវិញលិខិតរបស់វិទ្យុមួយនេះ គ្មានតែប្រើប្រាស់ពាក្យថា សូមសំដែងការសោកស្តាយនិងសូមអធ្យាស្រ័យពាក់ព័ន្ធនឹងការចុះផ្សាយរបស់ខ្លួនដែលថា លោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឱពុកក្នុងការផ្តល់ជំនួយឱ្យតួកគីទៅវិញ។

សម្តេចតេជោ បានចោទជាសំណួរថា «តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ»។ សម្តេចតេជោ ថា «តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្តមផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ»។

«ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោល
អាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ សម្តេចបានណែនាំឱ្យសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ សម្តេចតេជោ ថា«យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ»។

សម្រាប់សម្តេចតេជោ «ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈ
ពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺហ៊ុន ម៉ាណែតដែលគាត់ពុំបានដឹងរឿងអ្វីសោះ»។

សម្តេចតេជោ បន្តថា «តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?»។

ក្នុងន័យនេះ សម្តេចតេជោ ថា «សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វិលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕