ករណី VOD៖ សម្តេចតេជោថា ៧២ម៉ោងវាលើសពីគ្រប់គ្រាន់ហើយ ឬបិទវិទ្យុចោលតែម្តង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រយៈពេល៧២ម៉ោង សម្រាប់ឱ្យវិទ្យុ VOD ធ្វើការសុំទោសរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ជុំវិញការចុះផ្សាយខុសពីការពិតរបស់វិទ្យុមួយនេះលើលោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធការចុះហត្ថលេខាផ្តល់ជំនួយទៅប្រទេសតួកគី គឺវាលើសពីគ្រប់គ្រាន់ហើយ។ សម្តេចបានចោទជាសំណួរទៀតថា «តើទុកពេលជូនឬបិទវិទ្យុចោលតែម្តង»។

ការលើកឡើងរបស់សម្តេចនេះគឺធ្វើឡើងនៅពេលដែលអតីតបុគ្គលិកសារព័ត៌មាន VOD ឈ្មោះ «Min Pov» បានចូលឆ្លើយតប Comment លើហ្វេសប៊ុកសម្តេច ដោយសរសេរថា «វីអូឌី ជាស្ថាប័នសំខាន់មួយក្នុងការផ្តល់ព័ត៌មាន ហើយក៏ជួយរដ្ឋាភិបាលអោយដឹងបន្ថែមជ្រុងមួយទៀតនៃសង្គមដែរ។ បើសង្ស័យមានការយល់ច្រឡំគួរអង្គុយតុជុំគ្នាជជែកគ្នាសិនទៅ មិនគួរឈានដល់កំណត់ម៉ោងអោយសុំទោសចឹងទេ ពូ»។

ឆ្លើយតបទៅនឹងទៅComment របស់ឈ្មោះ «Min Pov» នេះ សម្តេចតេជោ បានសរសេរថា«ខ្ញុំទុកពេលឲ្យ៧២ម៉ោង វាលើសពីគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលរួមបញ្ចូលទាំងធ្វើការ ជាមួយក្រសួងព័ត៌មាន ដែលនោះជាការអង្គុយជុំគ្នាដូចលោកចង់បានហើយ»។

សម្តេចតេជោ បញ្ជាក់ថា «តើលោកចេះអាននិងយល់ខ្លឹមសារនេះទេ? ឬមួយលោកចង់ឲ្យខ្ញុំចេញបញ្ជាទៅក្រសួងព័ត៌មានដើម្បីដកអាជ្ញាបណ្ណបញ្ឈប់ការផ្សព្វផ្សាយនូវវិទ្យនេះក្នុងប៉ុន្មានម៉ោងខាងមុខនេះ? សូមលោកឆ្លើយតបជាមួយសំណួរ ខ្ញុំតើទុកពេលជូនឬបិទវិទ្យុចោលតែម្តង»។

ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសទុកពេល៧២ម៉ោងឱ្យវិទ្យុ VOD ធ្វើការសុំទោសរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ជាសាធារណៈ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់ខ្លួនលើលោក ហ៊ុន ម៉ាណែត រឿងការចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី។ ក្នុងនោះសម្តេចបានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមេធាវីរាជរដ្ឋាភិបាលលោក គី តិច ធ្វើការជាមួយវិទ្យុមួយនេះ និងត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីស្ថាប័នព័ត៌មានមួយនេះមិនព្រមសុំទោសទេនោះ។

«ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល៧២ម៉ោងដោយសូមទោសរាជរដ្ឋាភិបាលផងនិងសូមទោសហ៊ុនម៉ាណែតផង។ក្រសួងព័ត៌មានត្រូវធ្វើការជាមួយVODព្រមជាមួយគ្នាឯកឧត្តមគី តិចប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស»។ នេះគឺជាបញ្ជាក់របស់សម្តេចតេជោ។

ជុំវិញការចុះផ្សាយរបស់វិទ្យុនេះ សម្តេចតេជោ បានដាក់ជាសំណួរថា «តើការចោទលើហ៊ុន ម៉ាណែតជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ?»។

សម្តេចតេជោ បន្តថា «សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់អ្នកដទៃ)។ មិត្តភក្រ័បរទេសឬសង្គមស៊ីវិលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់»៕