ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបញ្ចប់ការសាងសង់ឆ្នាំ២០២៧ ស្របពេលបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនហូជីមិញ ម៉ុកបៃ

ភ្នំពេញ ៖ ក្រោយមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ក្រុមហ៊ុនរបស់មិត្តដែកថែបចិនដែលទទួលម៉ៅការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងអាចចាប់ផ្តើមបើកដំណើរការសាងសង់នាពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។ ចំណែក គម្រោងបញ្ចប់វិញនៅឆ្នាំ២០២៧។ គម្រោងបញ្ចប់នេះ ក៏ស្របគ្នានឹងការបញ្ចប់សាងសង់ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃផងដែរ។

ការបង្ហើបពីលទ្ធភាពនៃការសាងសង់ផ្លូវល្បឿនទី២របស់កម្ពុជា ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកំពុងធ្វើដំណើរបំពេញទស្សនកិច្ចនៅចិន ហើយសម្តេចក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group និងក្រុមហ៊ុនChina Metro Group ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំង៣នេះ គឺជាអ្នកសិក្សាពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបសម្តេចតេជោ ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។

ជាមួយនឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ ក្រុមហ៊ុនបានប្រាប់សម្តេចតេជោទៀតពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ ក្នុងនោះក្រុមហ៊ុនក៏បានលើកពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាបផងដែរ ។

ជាការឆ្លើយតប សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំង៣ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនភ្នំពេញ-បាវិត មានប្រវែង១៣៨ គីឡូម៉ែត្រ នឹងចំណាយថវិកាជាង១៦០០លានដុល្លារ៕

ដោយ៖ រិន ចំរើន