ក្រសួងអប់រំ ៖ មិនត្រូវឲ្យមានភាពមិនប្រក្រតីណាមួយកើត ក្នុងថ្ងៃបុណ្យក្តីស្រឡាញ់

ភ្នំពេញ ៖ ទិវានៃក្តីស្រឡាញ់ (ពីមុនគេហៅថា បុណ្យសង្សារ ១៤កុម្ភៈ) នៅតែ៥ថ្ងៃទៀតទេនឹងឈានចូលមកដល់ហើយ ដើម្បីកុំឲ្យសិស្សនិស្សិតប្រព្រឹត្តអំពើមិនគប្បី ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការណ៍អប់រំណែនាំទុកជាមុន ក្នុងគោលបំណងទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រោះទិវានេះ ពុំមែនជាប្រពៃណីខ្មែរឡើយ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំនាថ្ងៃ៧ កុម្ភៈបានឲ្យដឹងថា សិស្សានុសិស្សមួយចំនួនតូច យល់ច្រឡំ ថ្ងៃ១៤ កុម្ភៈជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ហើយយុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ ។

ក្រសួងបន្តថា ដូនេះ យុវជនកុំភ្លើតភ្លើន ភ្លេចការសិក្សា ព្រោះទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរទេ។

ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ បានធ្វើការណែនាំ ដល់គ្រឹះស្ថានសិក្សាសាធាណៈ និងឯកជន ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យយល់ខុស អំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ជាពិសេស ត្រូវពង្រឹងការអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ លើការអប់រំសីលធម៌ ដោយតាមដានអវត្តមាន របស់សិស្សជាប្រចាំ។

ក្នុងនោះ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» ព្រមទាំង ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីដែលប្រព្រឹត្តដោយសិស្សានុសិស្ស សំដៅរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អទាន់ពេលវេលា៕ ដោយ៖ រិន ចំរើន