ក្រុមហ៊ុនជប៉ុន គ្រោងបង្កើតរោងចក្រកែច្នៃសម្បកស្វាយចន្ទី ទៅជាប្រេងឥន្ធនៈនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនដ៏ធំមួយបានគ្រោងបង្កើតរោងចក្រ ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំទៅកាន់ទីផ្សាពិភពលោក និងកែច្នៃសម្បកស្វាយចន្ទីទៅប្រេងឥន្ធនៈនៅកម្ពុជា ។

គម្រោងនៃការបង្កើតនេះ ត្រូវបានលោក ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសស្វាគមន៍ ខណៈលោករដ្ឋមន្រ្តីបានទទួលជួបលោកអគ្គនាយកក្រុមហ៊ុនTop Planning Japan Co.,LTD ដែលជាម្ចាស់គម្រោងនៅទីស្តីការក្រសួង នាថ្ងៃ៧ កុម្ភៈ ។

លោក ឌិត ឌីណា បន្តថា «ខ្ញុំសម្ដែងការស្វាគមន៍ និងលើកទឹកចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន នៅកម្ពុជាដែលកន្លងមកបានកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅលក់លើទីផ្សារប្រទេសជប៉ុន ក៏ដូចជាគម្រោងបង្កើតរោងចក្រធំមួយនៅកម្ពុជា ដើម្បីនាំស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារពិភពលោក ទាំងផ លិតផលគ្រាប់ស្វាយចន្ទី និងច្នៃសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈ»។

ដើម្បីទទួលបានតម្លៃខ្ពស់បន្ថែម លោករដ្ឋមន្រ្តីក៏បានណែនាំក្រុមហ៊ុនឲ្យគោរពតាមគោលការណ៍បរិស្ថាន បង្កើនការផ្សព្វផ្សាយ កែច្នៃ និងការវេចខ្ចប់ឲ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារជប៉ុន និងពិភពលោក។ ដោយឡែក ការកែច្នៃសម្បកចន្ទីទៅជាឥន្ធនៈគឺជារឿងដ៏ល្អមួយ ប៉ុន្តែក្រុមហ៊ុន គួរសិក្សាស្រាវជ្រាវបន្ថែមទៀតពីលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈកម្ពុជាកំពុងត្រូវការជី។

សូមជម្រាបថា ក្រុមហ៊ុន Top Planning Japan (TPJ) និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បងដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញដែលមានសក្តានុពលនៅលើទីផ្សារជប៉ុន ហើយគិតពីឆ្នាំ២០១៩ ដល់២០២២នេះ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅជប៉ុនប្រមាណ១៨៤.៩០តោន ក្នុងនោះឆ្នាំ២០២២ មាន១២៦.៤៤តោន ៕ ដោយ៖ រិន ចំរើន