លោក ហ៊ុន ម៉ាណែត៖ អនាគតទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឥណ្ឌា នឹងត្រូវបានថែរក្សាពូនជ្រំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា សម្រាប់អនាគត ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឥណ្ឌា នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរទៅមុខ លើគ្រប់វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ចាក់ឌីប ថាំងកា (Jagdeep Dhankha) អនុប្រធានាធិបតីឥណ្ឌា ក្នុងពេលបំពេញទស្សនកិច្ចនៅរដ្ឋធានីញ៉ូដេលី នាថ្ងៃ៣ កុម្ភៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកពីទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដែលជាទំនាក់ទំនងស្អិតរមួតដិតដាម ដោយមានប្រវត្តិសាស្ត្រ ដ៏យូរលង់រាប់ពាន់ឆ្នាំក្នុងអតីតកាល។

លោកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏បាននិងកំពុងតែមានការរីកចម្រើនជឿនលឿន ទៅមុខយ៉ាងល្អប្រសើរ ទាំងទំនាក់ទំនងកម្រិតទ្វេភាគី និងទំនាក់ទំនងក្នុងក្របខ័ណ្ឌពហុភាគី នៃវេទិកាតំបន់ និងសាកល។ សម្រាប់អនាគត ទំនាក់ទំនងដ៏ល្អនេះក៏នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរទៅមុខលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

លោកបន្តថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា នៅក្រោយការដួលរលំនៃរបបខ្មែរក្រហម និងក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជាច្រើន ដូចជា៖ ការជួយបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៨១, ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព, ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមួកខៀវមកកម្ពុជា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម ។

ចំណែក លោក ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា និងបានសម្តែងនូវការពេញចិត្ត ចំពោះចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានថែរក្សារឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើនទៅមុខ នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ លោកអនុប្រធានាធិបតី ក៏បានរំឭកផងដែរអំពីការធ្វើដំណើររបស់ លោក មកកាន់ប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដោយបានកោតសរសើរកម្ពុជាអំពីជោគជ័យ និងការរៀបចំដ៏ល្អឥតខ្ចោះនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕ ដោយ៖ រិន ចំរើន