អនុប្រធានមូលនិធិអន្តរជាតិ IFAD កោតសរសើរចំពោះការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម IFAD (International Fund For Agricultural Development) បានសម្តែងការកោតសរសើរចំពោះការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដោយឱ្យមានអ្នកបច្ចេកទេសកសិកម្ម នៅតាមឃុំ និងកម្មវិធីស្រោចស្រប់ ដើម្បីផលិតកសិផលមានគុណភាពស្របតាមតម្រូវការទីផ្សារ។

ការថ្លែងកោតសរសើររបស់លោកស្រី Jyotsna Puri ខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី ដឹកនាំសហការីរបស់ខ្លួនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពកាលពីទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកស្រី Jyotsna Puri ថ្លែងថា មូលនិធិ IFAD គាំទ្រនូវកិច្ចប្រឹងប្រែងថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍របស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មូលនិធិ IFAD គឺជាអង្គការដៃគូអភិវឌ្ឍន៍ដ៏ល្អរបស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នារយៈពេល៣០ឆ្នាំមកហើយ និងមានទស្សនៈដូចគ្នា។ សម្តេចតេជោ ស្នើឱ្យបន្តភាពជាដៃគូល្អនេះទៅមុខទៀត។ ម៉្យាង កម្ពុជាយកចិត្តទុកដាក់លើការអភិវឌ្ឍន៍កសិកម្ម និងជនបទ។ ពោលចង់ធ្វើយ៉ាងណាឱ្យកសិករផលិត ហើយទទួលបានផលចំណេញ និងចង់រក្សាពលរដ្ឋដើរឆ្លងផុតបន្ទាត់ភាពក្រីក្រហើយ មិនឱ្យធ្លាក់ទៅវិញ។

បន្ថែមពីលើនោះ រាជរដ្ឋាភិបាល ចង់ជំរុញវិស័យកសិកម្មឱ្យទៅជាកសិ-ពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយសារជាថ្មីម្តងទៀត ចំពោះភាពជាដៃគូដ៏ល្អជាមួយមូលនិធិ IFAD។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចប្រកាសបង្កើនកញ្ចប់ថវិកាវិភាគទាន ទៅមូលនិធិ IFAD ពី ៦០ម៉ឺនដុល្លារ ទៅដល់ ១លានដុល្លាររយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។

មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិមួយ ដែលធ្វើការងារដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លាន នៅក្នុងតំបន់ជនបទនៃប្រទេសកំពុងអភិវឌ្ឍន៍។ IFAD ជាអង្គការអភិវឌ្ឍន៍ពហុភាគី តែមួយគត់ ដែលផ្តោតលើសេដ្ឋកិច្ចជនបទ និងសន្តិសុខស្បៀង។

ដោយមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងរ៉ូម (Rome) នៃប្រទេសអ៉ីតាលី IFAD បានចូលរួមជាមួយគម្រោងជាង២០០ នៅក្នុងប្រទេសជិត១០០។ IFAD បានផ្តល់មូលនិធិ និងឧបត្ថម្ភគំនិតផ្តួចផ្តើមធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងដី និងទឹក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ បណ្តុះបណ្តាល និងអប់រំ កសិករអំពីការប្រើប្រាស់ បច្ចេកវិទ្យា ដែលមានប្រសិទ្ធភាពជាងមុន បង្កើតភាពធន់នឹងការប្រែប្រួលអាកាសធាតុ បង្កើនភាពងាយស្រួលសម្រាប់ការចូលទៅកាន់ទីផ្សារ រួមទាំងគម្រោងជាច្រើនទៀត។

IFAD មានប្រទេសជាសមាជិកចំនួន១៧៧ ហើយធ្វើការក្នុងភាពជាដៃគូជាមួយអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) និងសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៧៧។ IFAD បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ២២.៤ពាន់លានដុល្លារអាមេរិក ហើយបានសម្របសម្រួលថវិកាបន្ថែមចំនួន ៣១ពាន់លានដុល្លារអាមេរិក នៅក្នុងសហហិរញ្ញប្បទានអន្តរជាតិ និងក្នុងស្រុក៕
ដោយ៖ ពុទ្ធិពល