លោក គង់ គាំ ថ្លែងអំណរគុណសម្តេចតេជោ និងប្រកាសបញ្ចប់តួនាទី ពីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន

ភ្នំពេញ៖ លោក គង់ គាំ ដែលជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការមិនបន្តបណ្តឹងរូបលោក ទៅកាន់ស្ថាប័នតុលាការ ពាក់ព័ន្ធនឹងករណីដីនិងផ្ទះមួយកន្លែងរបស់លោកនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្នុងលិខិតថ្លែងអំណរគុណរបស់ លោក គង់ គាំ ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២ ខែកុម្ភៈនេះ លោកក៏បានប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។

លោកសរសេថា «តាមរយៈ គង់ បូរ៉ា សមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា ថ្ងៃ២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលបានទទួល និងនាំបណ្តាំពីសម្តេចប្រធាន (ថ្នាក់ដឹកនាំទាំងអស់) គណបក្សប្រជាជនកម្ពុជា បានអះអាងពីសមានចិត្តក្នុងរយៈការរួមរស់ (ឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩៣) និងពីការយោគយល់ក្នុងរយៈកាលចាកចេញ ជាថ្នាក់ដឹកនាំគណបក្សប្រឆាំង (ឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០២៣)។ ប៉ុន្តែនៅរយៈពេលចុងក្រោយថ្មីៗ ដើម្បីកិត្តិយស និងតម្លៃរបស់គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា បានសម្រេចដោយគ្មានជម្រើស (ទាំងបង្ខំចិត្ត) ដកហូតដីផ្ទះលេខ៧១ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសម្បត្តិក្រសួងការបរទេសវិញ។ ខ្ញុំបាទ គង់ គាំ និងភរិយា សោកស្តាយអំពីសេចក្តីសម្រេចនេះតែយើងខ្ញុំប្ដីប្រពន្ធ ព្រមទាំងកូនចៅ សូមអរគុណសម្តេច ដែលអនុគ្រោះមិនបន្តបណ្ដឹងទៅតុលាការចំពោះរូបខ្ញុំ»។

លោកសរសេរបន្ថែម ថា «ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្តេច ពីថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ដែលយល់ឃើញថាកាយវិការ និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ ក្រោយពិនិត្យហេតុកន្លងមកនេះ និងពិនិត្យពិចារណាពិសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្រ្តនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ ចំពោះអ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ»៕ ដោយ៖ ពុទ្ធិពល