សម្តេច ស ខេង ព្រមានចាត់ការមន្ដ្រីនគរបាល ទារលុយពីពលរដ្ឋថែម ក្រោយដោះស្រាយយកម៉ូតូ ឬរថយន្ដ ត្រឡប់មកវិញ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការចំពោះមន្ដ្រីនគរបាលរូបណាទារលុយពីប្រជាពលរដ្ឋបន្ថែម ក្រោយពួកគាត់ទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ត្រឡប់មកវិញ។

ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានអំពាវនាវដល់សមត្ថកិច្ច ចូលរួមដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវបំផុត។

ដោយសម្ដេចបញ្ជាក់ថា «សមត្ថកិច្ចផ្សេងទៀត ដែល មានការពាក់ព័ន្ធ សូមអំពាវនាវ និងចូលរួម ដើម្បីដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ។ ខ្ញុំ ចង់និយាយថា សមត្ថកិច្ច នគរបាល យកទៅកន្លែងប៉ុស្ដិ៍ នៅពេលដោះចប់ហើយ ទារយកឡាន ទារយកម៉ូតូ មិនបានត្រូវបង់លុយថែម អាហ្នឹងសូមឱ្យប្រយ័ត្ន កុំធ្វើបែបនេះ»។

សម្ដេច ស ខេង ក៏បានណែនាំដល់សមត្ថកិច្ច បន្តដឹកនាំរឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និង និរន្តភាព ស្របតាមតំបន់ភូមិសាស្ត្រចំពោះកន្លែងដែលកើតមានគ្រោះថ្នាក់ច្រើន ។ ជាមួយនេះ ត្រូវយកចិត្តទុកលើអ្នកបើកបរយានយន្តស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង ដោយចាត់វិធានឱ្យបានម៉ឺងម៉ាត់ លើការពិន័យ ឬបញ្ចូនទៅតុលាការ ដោយគ្មានការលើកលែង។

សម្ដេចបន្ថែមថា គ្រោះថ្នាក់ទាំងនេះបានបង្កដោយ អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយោគយល់ អាធ្យាស្រ័យ ហាក់បីដូចជាមិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិតអ្នកដទៃ។

នាឱកាសនោះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏បានរំពឹងថា នៅពេលច្បាប់ចរាចរណ៍ថ្មី ចូលជាធរមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នឹងត្រូវកាត់បន្ថយ ព្រោះច្បាប់នេះបានកែសម្រួលថ្មីស្ទើរទាំងស្រុង ដើម្បីឱ្យសាក សមជាមួយស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន។ សម្ដេចថា ច្បាប់ថ្មីនេះ បានឆ្លងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចរាល់ហើយ៕ ដោយ៖ រិន ចំរើន