ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតវាយសីក្នុងវិស័យយុត្តិធម៌ លើកទី៥ ឆ្នាំ២០២៣។
ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និង លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងមន្ត្រីមកពីស្ថាប័មួយចំនួនទៀត ។
ថ្លែងនៅក្នុងពិធីខាងលើនេះ លោក កើត រិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមសេនាយុត្តិធម៌ ដែលបានរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ព្រមទាំងបានចូលរួមអបអរសាទរដល់កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី ព្រមទាំងកីឡាករ កីឡាការិនីដែលបានចូលរួមប្រកួតដទៃទៀត។
លោកបន្តថា ការរៀបចំការប្រកួតនេះគឺធ្វើឡើងនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ហើយការរៀបចំការប្រកួតនេះទៀតសោតនឹងបង្កើតបានជាស្មារតីសាមគ្គីភាព មិត្តភាព និងភាតរភាព ទាំងអ្នករៀបចំ កីឡាករ កីឡាការិនី និងអ្នកទស្សនាផងដែរ។
លោក កើត រិទ្ធ ក៏បានស្នើឱ្យអ្នកចូលរួម និងកីឡាករ និងកីឡការិនីក្នុងវិស័យយុត្តិធម៌ទាំងអស់បន្តរក្សាស្មារតីសាមគ្គីភាពនេះ ដើម្បីបន្តពង្រឹងបាននូវសុខសន្តិភាពរបស់ប្រទេសជាតិ ទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយ ហើយស្មារតីកីឡានេះនឹងរស់នៅក្នុងសុខសន្តិភាពជាយូរអង្វែងតរៀងទៅ៕
ដោយ៖ ពុទ្ធិពល