ភ្នំពេញ ៖ ដោយសារតែងរឹងរូសមិនស្តាប់ក្រសួងសុខាភិបាលដែលជាអាណាព្យាបាលនោះ ក្រសួងបានឲ្យអភិបាលរាជធានី-ខេត្ដ ចាត់វិធានការលើរថយន្ដគិលានសង្គ្រោះគ្មានជំនាញ បច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងកំពុងឈរជើងប្រចាំការ តាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ ដើម្បីរង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ យកទៅមូលដ្ឋានសុខាភិបាលឯកជន។
មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ។
ក្រសួងបញ្ជាក់ទៀតថា «ដូច្នេះសូមឯកឧត្ដមលោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំង នោះ ទៅតាមបទបញ្ញាត្ដិជាធរមាន និងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណា ដែលនៅតែបន្ដសហការជាមួយម្ចាស់រថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ»។
ក្នុងនោះ អភិបាលរាជធានីខេត្ដ ក៏ត្រូវក្រើនរំលឹកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ពង្រឹងបន្ថែម នូវសេវារថយន្ដគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនៗឱ្យបានកាត់តែប្រសើរឡើង ដើម្បីចាត់វិធានការតាមការណែនាំឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖ រិន ចំរើន