សម្តេចតេជោ កំពុងពិចារណាបណ្តុះបណ្តាលវិជ្ជាជីវៈពលរដ្ឋក្រីក្រមិនគិតថ្លៃ និងផ្ដល់ប្រាក់ឧបត្ថម្ភថែមទៀត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំពុងពិចារណាក្នុងការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ ហើយក៏ផ្តល់ប្រាក់ឧបត្ថម្ភថែមទៀតផង។

កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រ ដោយ មិនគិតថ្លៃនេះ គ្រោងអនុវត្តន៍នៅចុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ខាងមុខ។នេះបើតាមប្រសាសន៍សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នាថ្ងៃ២៣ មករា ។

សម្ដេចតេជោបន្តថា «ខ្ញុំកំពុងតែដាក់ឲ្យរៀបចំដាក់ឲ្យមានការសិក្សា ហើយការសិក្សានេះវានឹងទៅជាការពិតមួយ ដែលឆ្នាំនេះយើងបានអនុម័តថវិការួចស្រេចទៅហើយ យើងមិនអាចធ្វើបានទេ។ ការសិក្សានោះត្រង់ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណ១លាន ៥សែននាក់ នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំ យើងនឹងធ្វើនៅចុងឆ្នាំនេះ និងឆ្នាំក្រោយចាប់ពីនោះ»។

សម្ដេចតេជោថា កម្មវិធីនេះ រាជរដ្ឋាភិបាល នឹងរ៉ាប់រងសម្រាប់សិស្សទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញពីគ្រួសារក្រីក្រគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ដោយយកពួកគាត់ទៅបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ប៉ុន្ដែផ្ដល់ប្រាក់ឧបត្ថម្ភឲ្យគាត់បន្ថែមទៀត ដោយធ្វើយ៉ាងណាបណ្ដុះបណ្ដាលធនធានមនុស្ស នៅកម្ពុជា៕ ដោយ៖ រិន ចំរើន