ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានប្រាប់មន្ដ្រីអង្គការសហប្រជាជាតិ (UN)ថា បញ្ហាជួញដូរមនុស្ស ជាបញ្ហាស្មុគស្មាញ ហើយមិនមែនមានតែនៅកម្ពុជានោះទេ ពោលមាន នៅទូទាំងពិភពលោកទាំងមូល ដូច្នេះត្រូវរួមគ្នាដោះស្រាយ។
ក្នុងឱកាសអនុញ្ញាតឲ្យលោក Joseph Scheuer អ្នក សម្របសម្រួល នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃ១៨ មករា សម្ដេច ស ខេង បានថ្លែងថា ពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរមនុស្ស ជាបទល្មើសមិនប្រពៃណីមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចផ្ទាល់ ត្រូវទទួលភារកិច្ចដឹកនាំបង្ក្រាប និងនៅតែបន្តយកចិត្តទុកដាក់អនុវត្ត ព្រោះពុំទាន់មានការបិទបញ្ចប់នោះទេ ។
សម្ដេចបន្តថា «បញ្ហានេះ ជាបញ្ហាមួយដែលស្មុគស្មាញ ហើយមិនមែនតែមាននៅកម្ពុជានោះទេ គឺនៅលើសកលលោកទាំងមូល និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ»។
លោក Joseph Scheuer ក៏បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងជាយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ខណៈនៅក្រោមឆត្ររបស់អង្គការប្រជាជាតិ ក៏មានអង្គការ IOM និងអង្គការ UNDP បានធ្វើការងារ នេះជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ៕ ដោយ៖ រិន ចំរើន