ស្ត្រីម្នាក់ចូលបំភ្លឺប្រមាថ មាក់ងាយដល់ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៅបាត់ដំបង

បាត់ដំបង៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Anin Toscana ដែលមានឈ្មោះពិត ឆុន អានីន ភេទ ស្រី រស់នៅស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៨ខែ មករា ឆ្នាំ ២០២៣ នេះបានចូលមកបំភ្លឺប្រាប់សមត្ថកិច្ចជុំវិញការសរសេរខ្លឹមសារប្រមាថ មាក់ងាយដល់ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងបំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៣ បង្កឱ្យមានការយល់ច្រឡំពីមជ្ឈដ្ឋានមហាជនទូទៅ ។

ក្នុងសេចក្តីបំភ្លឺសាមីជនបានទទួលស្គាល់ថា រូបគាត់បានជិះម៉ូតូឌុបគ្នាដោយអ្នកជិះខាងក្រោយមិនបានពាក់មួក សុវត្ថិភាពទេ ទើបសមត្ថកិច្ចនគរបាលធ្វើការពិនិត្យនិងផាកពិន័យ ដែលក្នុងនោះសម

ត្ថកិច្ចបានចេញប័ណ្ណពិន័យជូនគាត់ ត្រឹមត្រូវតាមនីតិវិធីហើយ ប៉ុន្តែដោយការខឹងចំពោះការអនុវត្តច្បាប់ដោយមន្រ្តីនគរបាល  ទប់កំហឹងមិនបាន គាត់ក៏បានយកទូរស័ព្ទថតរូបសមត្ថកិច្ច ហើយយកទៅផ្សព្វផ្សាយក្នុងគណនីហ្វេសប៊ុករបស់គាត់នៅពេលបន្ទាប់ ដោយសរសរបន្ថែមនូវពាក្យប្រមាថមាក់ងាយ យ៉ាងច្រើននិងធ្ងន់ធ្ងរ ដែលខ្លឹមសារទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់មន្រ្តីនគរបាលជាតិ ហើយនាំបង្កឱ្យមានការយល់ច្រឡំពីមជ្ឈដ្ឋានមហាជនទូទៅពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ។

ភ្លាមៗលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំង ឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយនឹងផែនជំនាញ ធ្វើការស្រាវជ្រាវជាបន្ទាន់ជុំវិញការសរសេរប្រមាថ មាក់ងាយដោយម្ចាស់គណនីខាងលើ ។ ហើយក្នុងរយៈពេល តែប៉ុន្មានម៉ោងប៉ុណ្ណោះ ម្ចាស់គណនីនេះបានលុបចោលនូវខ្លឹមសារ រូបភាព ព្រមទាំងបិទចោលនូវគណនី របស់ខ្លួនដើម្បីគេចចេញពីការទទួលខុសត្រូវចំពោះសកម្មភាពល្មើសរបស់ខ្លួនដែលបានប្រព្រឹត្តិ ។

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញ ម្ចាស់គណនីនេះនិងបានអញ្ជើញឱ្យគាត់ចូលមកបំភ្លឺការពិតនៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលការពិតនោះគឺដូចមានសម្លេងនិងរូបភាពក្នុងឃ្លីបវីដេអូនេះស្រាប់ ។

ចំពោះម្ចាស់គណនីបានទទួលស្គាល់ថា អ្វីដែលគាត់បានធ្វើនោះគឺជារឿង ខុសឆ្គង ព្រោះគាត់បានប្រព្រឹត្តិល្មើស ទើបសមត្ថកិច្ចអនុវត្តច្បាប់ចំពោះរូបគាត់ តែនៅឡើយអ្នកដែលចូលទៅខមមិនចំពោះខ្លឹមសារដែលមិនពិតនេះឬហៅម៉្យាងថាអ្នកចូលចិត្ត(តែ-ស្ករ)មិនទាន់បានកោះអញ្ជើញឱ្យចូលមកបំភ្លឺនៅឡើយទេ តែសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណរួចហើយ។

ដូចបានជម្រាបជូនខាងលើសូមសារធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាននិងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាព ខ្លួនយើង និងអ្នកដទៃ ៕ ដោយ៖ ពុទ្ធិពល