ស៊ុតមាន់៥២០០០គ្រាប់នាំចូលពីវៀតណាម ត្រូវបានសមត្ថកិច្ចចាប់

ភ្នំពេញ: ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ឃាត់រថយន្ត១គ្រឿង ម៉ាកKIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ១តោន ស្លាកលេខភ្នំពេញ២BO-0048 ពណ៌ស ដឹកស៊ុតមាន់ចំនួន១៣០កញ្ចែង ស្មើនឹង៥២០០០គ្រាប់ ដោយនាំចូលមកពីប្រទេសវៀតណាម តាមតាមច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ការឃាត់ចាប់នេះធ្វើឡើងនៅវេលាម៉ោង១៣ និង២៦នាទី នាថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២៣ ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។

តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកពងមាន់​ ពងមាន់​នឹង​ត្រូវ​ដឹក​មកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុអញ្ញាតអ្វីទាំងអស់។

សមត្ថកិច្ច​ឃាត់ចាប់នៅលើផ្លូវជាតិលេខ១ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕