អ្នកនាំពាក្យ៖ ការលក់ដូរនៅក្នុងសាលារៀនត្រូវអនុវត្តន៍តាមស្មារតីកិច្ចសន្យាលក់ដូររវាងអ្នកលក់និងគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា តែចំណីហារ ៦ ប្រភេទត្រូវបានហាម

ភ្នំពេញ៖ អ្នកនាំពាំក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានលើកឡើងថា ការលក់ដូរនៅក្នុងសាលារៀនត្រូវអនុវត្តន៍តាមស្មារតីកិច្ចសន្យាលក់ដូររវាងអ្នកលក់និងគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សានីមួយៗ ដែលឆ្លើយតបនឹងបទបញ្ជាផ្ទៃក្នុងសាលារៀន។ ប៉ុន្តែចំណីអាហារ៦ ប្រភេទនេះ ត្រូវបានហាមលក់ដាច់ខាត នៅក្នុងគ្រឹះស្ថានសាលារៀននៅទូទាំងប្រទេស។

ការលើកឡើងរបស់លោក រស់ សុវាចា ធ្វើឡើង បន្ទាប់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្កកោះកុង បានស្នើឱ្យចុះត្រួតពិនិត្យការលក់ដូរ នំចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងគោលបំណងពង្រឹងវិធានការអនុវត្តលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារៀន និង ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកពារាំង ខេត្តព្រៃវែង បានកំណត់យកចំណីអាហារដែលត្រូវលក់នៅក្នុងសាលារៀន។

លោក រស់ សុវាចា ប្រាប់អង្គភាពសារព័ត៌មាន Khmer CM នៅថ្ងៃទី១០ ខែសីហានេះ ឱ្យដឹងថា យោងតាមសេចក្ដីណែនាំលេខ ១៨ អយក.សណន ចុះ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំយុវជន និងកីឡាចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សាមាន ៦ ប្រភេទរួម មាន ១-ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ ២-គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ៣-ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ៤-ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ ៥-ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និង៦-ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម។

លោក រស់ សុវាចា បញ្ជាក់ថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតណែនាំសាលារៀនទូទាំងប្រទេសដើម្បីចូលរួមទប់ស្កាត់ការលក់ចំណីអាហារ ៦ប្រភេទខាងលើនេះ។ ដើម្បីអន្តរាគមន៍ការអនុវត្តករណីនេះក្រសួងអប់រំ យុវជន និងកីឡាមានវិធានការរដ្ឋបាលតាមឋានានុក្រមតាមទិដ្ឋភាពជាក់ស្តែង។ ជាយន្តការរដ្ឋបាល មន្ទីរអប់រំ យុវជន និងកីឡាជំរុញការអនុវត្តសេចក្តីណែនាំដោយសហការជាមួយគណ:គ្រប់គ្រងសាលារៀន។ គណ:គ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងកិច្ចការទូទៅនៅទីតាំងសាលារៀន។ ករណីលក់ដូរនៅសាលារៀន គណៈគ្រប់គ្រងសាលារៀនមានកិច្ចសន្យារវាងអ្នកលក់ដូរនិងនាយកសាលា។

លោកថ្លែងថា៖ “ ដូចនេះ គណៈគ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងការលក់ដូរដែលត្រូវស្របជាមួយកិច្ចសន្យាលក់ដូរលើទីតាំងសាលារៀន។ បើការលក់ដូរផ្ទុយពីកិច្ចសន្យានេះ គណៈគ្រប់គ្រងសាលារៀនអាចអនុវត្តវិធានការរដ្ឋបាលមានជាធរមាន។ បន្ថែមពីនេះ ប្រសិទ្ធភាពនៃការអនុវត្តតាមស្មារតីលិខិតណែនាំនេះ ទាមទារឱ្យមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន មាតាបិតា សិស្សនុសិស្សផ្ទាល់ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តចូលរួមទប់ស្កាត់ការលក់ចំណីអាហារ ៦ប្រភេទនេះ”។

លោកបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាបាននិងបន្តយកចិត្តទុកដាក់ខ្ពស់ពិនិត្យតាមដានសុខភាពសិស្សានុសិស្ស និងបុគ្គលិកអប់រំគ្រប់កម្រិតថ្នាក់តាមយន្តការដែលមានស្រាប់ ជាពិសេសតាមរយ:យន្តការរបស់នាយកដ្ឋានសុខភាពសិក្សារបស់ក្រសួង និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ។ ក្រសួងអប់រំ ជឿជាក់ថាវិធានការ ហាមឃាត់ការលក់ ចំណីអាហារទាំង ៦ប្រភេទនេះបានចូលរួមទប់ស្កាត់ ករណីសិស្សពុលអាហារកន្លងមក តាមរយ:ការដាស់តឿនឱ្យមានការគិតគូរប្រុងប្រយ័ត្នរឹតតែខ្ពស់ក្នុងការជ្រើសរើសចំណីអាហារដែលមានផលវិជ្ជមានសម្រាប់ទ្រទ្រង់សុខភាព និងការលូតលាស់ផ្លូវបញ្ញា។

លោកបញ្ជាក់ទៀតថា ក្រសួងអប់រំ យុវជន និងកីឡាបាននិងបន្តជំរុញឱ្យគ្រូបង្រៀននិងគណ:គ្រប់គ្រងសាលារៀនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាសុខភាពរបស់សិស្ស ដែលជាកត្តាដ៏សំខាន់មួយអាចជះឥទ្ធិពលដល់ការសិក្សា។ ទន្ទឹមនេះ ក្រសួងបានបញ្ចូលខ្លឹមសារសុខភាពទៅក្នុងកម្មវិធីសិក្សាពីថ្នាក់បឋមសិក្សាដល់ថ្នាក់ទី១២ និងបានឱ្យគ្រប់ភាគីពាក់ព័ន្ធជាពិសេសគណៈគ្រប់គ្រងតាមសាលាផ្សព្វផ្សាយអំពីសេចក្ដីណែនាំរបស់ក្រសួង ឱ្យបាននៅទូទាំងប្រទេស។ ការងារនេះ ក្រសួងបាននិងកំពុងធ្វើតាំងពីអាណត្តិមុនមក ដើម្បីលើកកម្ពស់ការយល់ដឹង ដើម្បីជាបច្ច័យទ្រទ្រង់សុខភាពរបស់សិស្សានុសិស្សនិងបុគ្គលិកអប់រំ៕