កុមារខ្លះ គ្មានឪពុកម្តាយ អាណាព្យាបាល តាមមើល ហ៊ានប្រថុយប្រថាន តាមអនឡាញ

ភ្នំពេញ ៖ ក្នុងបទបង្ហាញមួយរបស់ លោក រឿង សេរីតារា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ស្តីពីការពង្រឹងយន្តការរាយការណ៍ និងឆ្លើយតបករណីនៃការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ នាថ្ងៃ២៤ កុម្ភៈ បានឲ្យដឹងថា កុមារខ្លះ នៅគ្មានឪពុកម្តាយ អាណាព្យាបាល តាមមើលថែទាំឌិតដល់ ហ៊ានប្រព្រឹត្តប្រថុយប្រថាន តាមអនឡាញ។

ការហ៊ានប្រថុយប្រថានរបស់ពួកគេធ្វើឡើងដូចជា ហ៊ានផ្ញើសាររូបភាព មាតិកាពាក់ព័ន្ធនឹងផ្លូវភេទ វីដេអូរួមភេទទៅឲ្យមិត្តភក្តិ ឬនរណាម្នាក់។ ពេលខ្លះរូបភាព ឬវិដេអូទាំងនោះ ត្រូវបានគេចែកចាយបន្តទៀតច្រើនដង ដែលត្រូវបានគេប្រើប្រាស់ ឬបកស្រាយខុសពីគោលបំណងដើម ជាហេតុបង្កនូវការលំបាកដល់កុមារ។ ពេលខ្លះកុមារអាចក្លាយទៅជាជនល្មើស ឬអ្នកប្រព្រឹត្តបទល្មើសដែលអាចប្រឈមមុខចំពោះមុខច្បាប់ទៀតផង។

ក្នុងបទបង្ហាញនោះ ក៏បានពិភាក្សាស្វែងយល់អំពី ឥរិយាបថកុមារនៅលើប្រព័ន្ធអ៊ីនធឺណេត យល់ដឹងពីហានិភ័យនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអនឡាញ ការរុកគួនឆាឆៅតាមអនឡាញ និងមធ្យោបាយនានា ដើម្បីស្វែងរកជំនួយ និងការគាំទ្រនៅពេលកូនៗរបស់អ្នកកំពុងប្រឈមមុខនឹងកង្វល់ នៅតាមប្រព័ន្ធអ៊ីនធឺណេត។

ក្នុងបទបង្ហាញនេះ បានលើកឡើងថា ទន្ទឹមនឹងការរីកចម្រើន នៃបច្ចេកវិទ្យានាពេលបច្ចប្បន្ននេះ អ្នកប្រើប្រាស់អ៊ីនធឺណេត ជាកុមារ កំពុងតែមានការកើនឡើងយ៉ាងលឿនគួរឲ្យកត់សម្គាល់ ក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់គឺជាកុមារ។

ប្រព័ន្ធអ៊ីនធឺណេត មិនត្រឹមតែជាទីកន្លែងដែលកុមារ អាចស្វែងរកព័ត៌មាន រឿងរ៉ាវ រៀនសូត្រ ចំណេះដឹង លេងកម្សាន្ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្ត និងមនុស្សដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ និងអ្នកប្រើប្រាស់ជាច្រើនផងដែរ ។ នេះដោយសារតែពួកគេមិនទាន់បានយល់ដឹងពីគុណសម្បត្តិ និងគុណវិបត្តិ ឬមិនទាន់ចេះប្រើប្រាស់បានត្រឹមត្រូវ។ កុមារខ្លះ ខណៈគ្មានឪពុកម្តាយ អាណាព្យាបាល ឬ អ្នកថែរក្សានៅតាមមើល ឬគ្មានមនុស្សពេញវ័យនៅក្បែរ កុមារហ៊ានប្រព្រឹត្តដោយប្រថុយប្រថាន តាមអនឡាញ៕ ដោយ៖ រិន ចំរើន