សម្ដេច ហ៊ុន សែន ៖ ស៊ន តារា មានកំហុសធំណាស់ ក្រោយប្រមាថឪពុកខ្លួនឯង

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងចំៗទៅកាន់ លោក ស៊ន តារាដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលជាពិសេសគឺប្រឆាំងនឹងសកម្មភាពសម្តេច ជានាយករដ្ឋមន្រ្តី ហើយជាអ្នកគាំទ្រយ៉ាងផ្កាប់មុខលើលោក សម រង្ស៊ីដែលបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសថា កំពុងមានកំហុសយ៉ាងធំ ក្រោយបានប្រើភាសាមិនពិរោះស្តាប់ទៅកាន់ឪពុកបង្កើតរបស់ខ្លួន ដែលភាសានោះមានលក្ខណៈប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើឪពុក។

ក្នុងឱកាសអញ្ជើញចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាថ្ងៃ២៤ កុម្ភៈ សម្ដេច បានហៅស៊ន តារា ថាជាក្មួយ ។ សម្តេចថា តើឲ្យស្រឡាញ់អ្នកណាបាន បើសូម្បីតែឪពុកម្តាយខ្លួនឯងមិនស្រឡាញ់ផងហ្នឹង? ដូច្នេះ ស៊ន តារា កុំភ្លេចកំណើតខ្លួនឯង ព្រោះឪពុក-ម្តាយជាអ្នកផ្តល់ឲ្យ។

សម្ដេចគូសបញ្ជាក់ថា «ស៊ន តារា ក្មួយស្ដាប់ពូឲ្យច្បាស់ វាមិនចម្លែកទេ បើក្មួយប្រមាថឪពុកខ្លួនឯងថា ប៉ាឯងកុំចេះ ខ្ញុំរៀនចេះជាងប៉ាឯង ប្រសិនបើក្មួយប្រើភាសាដូចអ្វីដែលឪពុករបស់ក្មួយឯងនិយាយ ក្មួយខុសធំហើយ»។

សម្ដេចបន្ថែមថា បើ ស៊ន តារា ធ្វើដាក់ឪពុក-ម្ដាយ របស់ខ្លួនឯងហើយ មិនចាំបាច់គិតនោះទេ ចំពោះការវាយប្រហារទៅលើអ្នកដទៃ រាប់ទាំងការវាយប្រហារលើព្រះមហាក្សត្រ និងវាយប្រហារលើនាយករដ្ឋមន្ត្រីផងដែរ។

សម្ដេចបញ្ជាក់ឲ្យដឹងទៀតថា ជារឿងអគុណធម៌ និងអសីលធម៌ខ្លាំងណាស់ដែលឪពុកម្តាយរបស់ខ្លួនប្រឹងប្រែងឲ្យកូនរៀនបានរស់ និងរៀនសូត្ររហូតក្លាយបណ្ឌិតសាស្ត្រាចារ្យ បែរជា ស៊ន តារាមកបន្តុះបង្អាប់ឪពុក-ម្តាយជាមនុស្សល្ងង់ទៅវិញ។

សូមបញ្ជាក់ថា លោក ស៊ន តារា ត្រូវបានគេដឹងថា មានឪពុកឈ្មោះ លោក សុខ ស៊ុនណារ៉េត ជាមន្រ្តីយោធានៅខេត្តកំពងស្ពឺដែលជាអ្នកស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាជិត៤០ឆ្នាំមកហើយ ។ ប៉ុន្តែថ្មីៗនេះ មិនដឹងមានបញ្ហាអ្វីនោះទេបានជាលោក សុខ ស៊ុនណារ៉េត ជាឪពុក បច្ចុប្បន្នជាមន្ត្រីយោធាមានតួនាទីជានាយរងសេនាធិការ នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ បានចេញមកទំលាយពីអត្តចរឹករបស់កូនគាត់ គឺស៊ន តារា ។ ក្នុងសារចេញទំលាយពីចរឹកកូនប្រុសនេះ លោក សុខ ស៊ុនណារ៉េត បានអះអាងថា ស៊ន តារាធ្លាប់បានប្រើពាក្យសម្តីប្រមាថ និងមាក់ងាយលោកជាឪពុកថា «ប៉ាឯងចេះមិនដល់ខ្ញុំទេ។ ប៉ាឯងមិនបាច់និយាយជាមួយខ្ញុំទេ។ ប៉ាឯងរៀនមិនដូចខ្ញុំទេ។ មិនបាច់និយាយជាមួយខ្ញុំទេ»។

បើតាមលោក សុខ ស៊ុនណារ៉េតដែលកូនប្រុសគាត់ប្រើសំដីបែបនេះ បន្ទាប់ពីគាត់បានឲ្យកូនប្រុសកុំទៅពាក់ព័ន្ធជាមួយក្រុមប្រឆាំង ហើយងាកមកបក្សកាន់អំណាចដែលជាបក្សរកសុខសន្តិភាពជូនជាតិពីបាត់ដៃទទេរ ប៉ុន្តែកូនប្រុសមិនស្តាប់ហើយ បែរជាមកប្រមាថលោកជាឪពុកវិញ ។ ក្រោយឪពុក លោក ស៊ន តារា ចេញមកទំលាយចរឹកកូនហើយ ម្តាយរបស់ស៊ន តារាក៏បានហៅកូនឲ្យមករួមរស់ជាមួយក្រុមគ្រួសារនៅលើទឹកដីកំណើតវិញផងដែរ។ ចំពោះឪពុកស្តីថាឲ្យខ្លួនរួចហើយ ស៊ន តារា ក៏បានចេញមកបកស្រាយដែរថា ឪពុកលោកឈប់និយាយលោកជាយូរមកហើយ ៕ ដោយ៖ រិន ចំរើន