ប្រេងឆៅកម្ពុជាដែលកប៉ាល់លួចដឹកទៅបរទេស រដ្ឋាភិបាលយកមកវិញលក់បានជាង១៤លានដុល្លារ

ភ្នំពេញ៖ បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់ កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគ ច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។

ផ្ទុយពីការយល់ឃើញខាងលើនេះ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់តាម Facebook នៅថ្ងៃទី១១ខែតុលាម្សិលមិញថា ការសម្រេចចុងក្រោយនៃបញ្ហានេះគឺ៖ ១.ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការបាត់បង់ទេ។ ការតស៊ូតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិ និងការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សារការពារបាននូវកម្មសិទ្ធនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ។
២. បន្ទាប់ពីបានគិតតម្រូវតាមលក្ខណៈបច្ចេកទេសគុណភាពរួចហើយ ប្រេងឆៅ ដែលអាចបូមលក់បាន មានចំនួនសរុប២៨០,៦៥៦បារែល ត្រូវបានប្រគល់មកឱ្យរដ្ឋាភិបាលវិញ ដើម្បីចាត់ចែងលក់ និងទូទាត់ចំណែកដល់គ្រប់ភាគីពាក់ព័ន្ធ ស្របតាមកិច្ចព្រមព្រៀងជាសៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងស្របតាមគោលការណ៍នៃច្បាប់ជាតិនិងច្បាប់អន្តរជាតិ។
៣. ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២ កន្លងនេះ ដែលការទូទាត់ផ្សេងៗ មានលំអិតប៉ាន់ស្មានដូចជា ៖ថ្លៃប្រេងឆៅ ត្រូវកំណត់យកតាមមូលដ្ឋានមធ្យមភាគថ្លៃប្រចាំខែកញ្ញា ស្មើនិង៨៩.៨៦៧ដុល្លារ/ បារែល។ – សរុបទឹកប្រាក់លក់បានមាន USD២៥,២២២,៥៥៤.៧២។ ទឹកប្រាក់លក់បាននេះ ត្រូវកាត់កងថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេង USD ១១.៤៥ / បារែល ស្មើនិង USD ៣,២១៣,៥១១.២០។

ចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរផ្ទង់ និងសេវាជំនាញការអន្តរជាតិផ្សេងៗ មានចំនួន USD ១,៧១៥,៣០៦។ ក្រោយការទូទាត់ថ្លៃខាងលើ ចំណូលលក់នៅសល់សម្រាប់ការបែងចែកដល់ភាគីពាក់ព័ន្ធ មានចំនួន ២០,២៩៣,៧៣៧.៥២។ចំណែកភាគីរដ្ឋាភិបាល ត្រូវទទួលបាន ៧០% នៃចំណូលលក់នៅសល់ខាងលើ ស្មើនិង USD ១៤,២០៥,៦១៦.២៦។

ក្រៅពីចំណែកសាច់ប្រាក់ដែលរដ្ឋបានទទួលពីការលក់ប្រេងឆៅខាងលើ ភាគីរដ្ឋាភិបាលទទួលបានបន្ថែមចំណូលថវិកា USD ៥ ០០០ ០០០ ពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ពីមុនពេលប្រកាសក្ស័យធន។ ស្ថាបនភ័ណ្ឌ និងកប៉ាល់ផលិតកម្មប្រេង ដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅទីតាំងផលិតកម្មនៅក្នុងតំបន់ផ្លាតហ្វម A នៅប្លុក A នាពេលបច្ចុប្បន្ននេះ។

ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូងដែលបានពីការលក់ប្រេងខាងលើ រដ្ឋអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំងប្រាំ ប្រមាណ ជាង ១០ម៉ឺនបារែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត៕
ដោយ៖ គង់ សេដ្ឋាមុនី