ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យអនុវត្តចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៣-២០២៤

ភ្នំពេញ៖ ដើម្បីចូលរួមចលនាប្រឡងប្រណាំង “ទីក្រុងស្អាត  រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍” សំដៅជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សម្បទាទេសចរណ៍របស់ខ្លួនប្រកបដោយស្តង់ដារត្រឹមត្រូវ អភិរក្សវប្បធម៌ ប្រពៃណីរបស់ ជនជាតិខ្មែរ លើកកំពស់ធនធានមនុស្សដែលមានជំនាញ គុណភាព ប្រសិទ្ធភាពខ្ពស់សំដៅទាក់ទាញទេសចរ ក៏ដូចជាពន្យារការ ស្នាក់នៅរបស់ទេសចរ និងចូលរួមបង្កើនដល់ការលើកកម្ពស់ កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងប្រកបដោយផាសុកភាពសម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរ សក្តិសមនឹងការប្រសិទ្ធនាម៖ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។

ដំណើរការនៃការប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ក្នុងវិស័យទេសចរណ៍ធ្វើឡើងជារៀងរាល់ឆ្នាំដោយចែកចេញជា ០៣ (បី) ដំណាក់កាល ដូចខាងក្រោម៖
-ដំណាក់កាលទី១៖ ចាប់ពីថ្ងៃជូនដំណឹងដល់ខែកញ្ញា ឆ្នាំ២០២៣ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងតាមរយៈគេហទំព័រ www.cambodiabesthospitality.org (អាចចូលបានតាមការស្កេន QR-Code) ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់នានា។ មូលដ្ឋានអាជីវកម្មទេសចរណ៍ក៏អាចធ្វើការចុះឈ្មោះចូលរួមប្រឡងប្រណាំងដោយគ្រាន់តែបំពេញពាក្យសុំចូលរួមប្រឡងប្រណាំង និងផ្ញើមក អ៊ីម៉ែល [email protected]

-ដំណាក់កាលទី២៖ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋអាចចូលរួមការវាយតម្លៃ (Vote) ដោយផ្ទាល់ ឬតាមប្រព័ន្ធវាយតម្លៃអនឡាញ (www.cambodiabesthospitality.org) ឬអាចចូលវាយតម្លៃដោយគ្រាន់តែស្គេន QR-Code របស់សេវាណាមួយ និងធ្វើការវាយតម្លៃ។
-ដំណាក់កាលទី៣៖ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ នឹងរៀបចំរបាយការណ៍ចុងក្រោយ និងឈានទៅប្រកាសលទ្ធផលជ័យលាភី “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”៕