Update៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឆក់ នៅទួលគោក

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៣ ផ្លូវលេខ៥៦៦ កែងផ្លូវលេខ៣១៣ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមអធិការដ្ឋាននគរបាលខណ្ឌទួលគោក ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០:២០នាទី។ រីជនសង្ស័យមាន ឈ្មោះ រ៉ូហ្សា ដេវីដ ហៅ វីដ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិច្រាំងចំរេះ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2022 ពណ៍ខ្មៅ អត់ពាក់ស្លាកលេខ ដែលមានលេខតួនិងលេខម៉ាស៊ីន 6418333 (ជាមធ្យោបាយរបស់ជនសង្ស័យរូបនេះនិងបក្សពួកឈ្មោះ រ៉ា ធ្វើសកម្មភាពឆក់)។

ជាមួយគ្នានោះ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕