សម្តេច ស ខេង៖ មិនត្រូវ ឱ្យមានមន្ត្រីមានតែឈ្មោះ តែមិនមកធ្វើការនោះទេ

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំអង្គភាពនីមួយៗ របស់ក្រសួងមហាផ្ទៃ ត្រូវធានាថាមន្រ្តីរបស់ខ្លួនមកបំពេញការងារបានត្រឹមត្រូវ មានសមត្ថភាពបំពេញការងារ ដោយមិនមែនត្រឹមតែផ្ញើប្រអប់ ឬមានតែឈ្មោះតែមិនមកធ្វើការនោះទេ។

ការណែនាំរបស់សម្តេច ស ខេង ធ្វើឡើងក្នុងពិធី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។

នាឱកាសនោះដែរ សម្ដេច ក៏ថ្លែងគូសបញ្ជាក់ជាថ្មីទៀតថាសម្រាប់នីតិកាលថ្មីឆាប់ៗខាងមុខនេះ សម្ដេចមិនបានបន្តធ្វើការងារនៅអគារថ្មីក្រសួងមហាផ្ទៃ និងក្នុងរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែសម្ដេចគាំទ្ររាជរដ្ឋាភិបាលថ្មីពេញទំហឹង ដើម្បីឱ្យរាជរដ្ឋាភិបាលថ្មីអាចជំនះបាននូវបញ្ហាទាំងឡាយដែលបាននិងកំពុងកើត និងកើតនាពេលខាងមុខ ដើម្បីនាំកម្ពុជារក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតទៅមុខ។

សម្ដេចក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើថាការកសាងស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំឱ្យបានល្អនូវតួនាទី ភារកិច្ច របៀបរបបធ្វើការងារ ការសាមគ្គីឯកភាពរវាងមន្រ្តីថ្នាក់លើ មន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់ស្មើជាមួយគ្នាដោយប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយគ្នាគឺជាគោលការណ៍សំខាន់ត្រូវបន្តអនុវត្ត ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផជូនជាតិ និងប្រជាជន។

សម្ដេចបន្ថែមថា«ខាងលើក៏ស្មោះត្រង់ជាមួយខាងក្រោម ខាងក្រោមក៏ស្មោះត្រង់ជាមួយខាងលើ មិនត្រូវភូតកុហុក ហើយក៏មិនត្រូវមានល្បិចកលជាមួយគ្នាទេ។ យើងធ្វើការដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីយើងទេ។ អាចយើងទទួលផលមួយផ្នែកណានោះ ប៉ុន្តែយើងត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដែលជាបញ្ហាមូលដ្ឋានទាំងអស់គ្នាត្រូវប្រកាន់យក»។

ជាមួយគ្នានេះ សម្ដេចក៏បានណែនាំកុំឱ្យមានភាពចង្អៀតចង្អល់ ត្រូវខំបញ្ចេញស្នាដៃ បង្ហាញថាខ្លួនពិតជាមានសមត្ថភាព ពិតជាមានឧត្តមគតិស្មោះត្រង់ចំពោះជាតិ និងប្រជាជន។ សម្ដេចបញ្ជាក់ទៀតថាដើម្បីជោគជ័យក្នុងការងារ ធំបំផុតគឺភាពស្មោះត្រង់ និងធ្វើការប្រកបដោយវិជ្ជាជីវៈ ហើយអ្នកដឹកនាំ ក៏មិនត្រូវមើលបំណាំកូនចៅនោដែរ ប៉ុន្តែត្រូវតែប្រាប់ ណែនាំ តម្រង់ទិស។

សម្ដេចក្រឡាហោម ស ខេង ថា«រឿងអ្វីក៏ដោយ យើងក៏មិនចេះទាំងអស់ទេ តែយើងក៏មិនល្ងង់ទាំងអស់ដែរ យើងត្រូវតាំងខ្លួនអ៊ីចឹង។ កាលណាយើងតាំងថាខ្លួនយើងចេះ វាប្រៀបបានយកអ្វីមកគ្របសង្កត់ជាប់ វាអត់មានអ្វីចូលថ្មីទេ ព្រោះចេះហើយដឹងហើយ! តែបើតាំងខ្លួនថាល្ងង់ បានន័យថាយើងទទួលស្គាល់ថាយើងមិនទាន់ចេះអស់ទេ អ៊ីចឹងយើងបើកគ្របដើម្បីអ្វីថ្មីចូលមក យើងដឹង។ តែបើតាំងថាល្ងង់ ហើយមិនយកចិត្តទុកដាក់វាក៏ជាបញ្ហា»។

គួរកត់សម្គាល់ថាសម្ដេចក្រឡាហោម ស ខេង បានកាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំនួសសម្ដេច ជា ស៊ីម ដែលចេញទៅកាន់មុខតំណែងជាប្រធានសភាប្រជាជននាអំឡុងឆ្នាំ១៩៨០។ នៅការបោះឆ្នោតនីតិកាលទី១ ឆ្នាំ១៩៩៣ សម្ដេចបានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង រហូតដល់នីតិកាលទី៧នេះ។ សម្ដេចបានកាន់មុខតំណែងសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅនីតិកាលទី១ និងធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់ពីនីតិកាលទី២ដល់នីតិកាលទី៦៕