តុលាការបើកសួរ ឧកញ៉ា ហ៊ី គីមហុង និងបក្ខពួក ពីបទឆបោក និងបទហិង្សាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ លើឧកញ៉ា ហ៊ី គីមហុង អគ្គនាយក ក្រុមហ៊ុនពិភពដីមាស និងបក្ខពួកប្រមាណ១៣នាក់ទៀត ពីបទឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ និងបទហិង្សាមានស្ថានទម្ងន់ទោសតាមមាត្រ២១៨នៃក្រមព្រហ្មទណ្ឌ ។ នេះបើតាម លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ។

កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៣នាក់ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ និងបានបញ្ជូនទៅតុលាការនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ។

ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បើតាមលោក សាន សុខសីហា ក្រោយចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង និងបក្ខពួក ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរ និងចាត់ការបន្ដតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង នៅរសៀលម៉ោង ២នេះ សមត្ថកិច្ចនៃនងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំកសាងសំណុំរឿងបញ្ជូនម្ចាស់ដីឡូត៌ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់នេះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់”។

បើតាម លោក សាន សុខសីហា ការបញ្ជូនខ្លួន ឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួកនេះ ទាក់ទងទៅនឹងបទល្មើសមួយចំនួនដូចជាអំពើឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។ល។”។

សូមរំលឹកថា ឧកញ៉ា ហ៉ី គីមហុង នេះក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្ដកំពត ចេញលិខិតអញ្ជើញឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ ដោយគិតត្រឹមថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ នៅខេត្តកំពតបានប្ដឹងមកក្រុមហ៊ុនពិភពដីមាស មានចំនួន ១១០៥ បណ្ដឹង ខាតបង់ទឹកប្រាក់ចំនួន ២១,០៧៨,៩៦០ ដុល្លារ ( ម្ភៃមួយលានប្រាំពីរមុឺនប្រាំបីពាន់ប្រាំបួនរយហុកសិបដុល្លា ប៉ុន្ដែឧកញ៉ារូបនេះមិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចចាប់ខ្លួន៕