កំពង់ចាម ៖វែកមុខឃាតករដែលចូលបាញ់ ប្ដីប្រពន្ធគ្រួសារមួយដល់ក្នុងផ្ទះ បណ្ដាលឱ្យប្រពន្ធស្លាប់នៅមុខផ្ទះ និងបុរសជាប្ដីបានរងរបួសធ្ងន់ គឺផ្ដើមចេញពីទំនាស់រឿងផ្នូរដូនតា ដោយម្ខាងចង់លើក រីឯម្ខាងហាមដាច់ខាត ដែលឃាតករជាប្អូនជីទួតមួយរបស់ជនរងគ្រោះ។
ឃាតកម្មខាងលើនេះបានកើតឡើងនៅ វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអណ្ដូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនរងគ្រោះជាប្រពន្ធឈ្មោះ ជិន ចាន់ណា អាយុ៣៩ឆ្នាំ បានបាត់បង់ជីវិត និងបុរសជាប្ដីឈ្មោះ ឈ្មោះ ផុន សុភ័ណ្ឌ ហៅចាប អាយុ៣៨ឆ្នាំ ជាប្ដី រងរបួសធ្ងន់។ ឯជនដៃដល់មានឈ្មោះ ឆេង សេង ហៅធីវ ត្រូវជាប្អូនជីទួតមួយ។
បើតាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានហៅជនដៃដល់ មកពិភាក្សាគ្នារឿងផ្នូរដូនតា ដោយមិនឯកភាពគ្នាដាច់ខាត ដោយម្ខាងចង់លើកផ្នូរដូនតា ឯម្ខាងដាច់ខាតមិនឱ្យប៉ះពាល់ ។ ការជជែកតឹងតែងរៀងៗខ្លួន ជនដៃបានចាកចេញទៅវិញបាត់ បានមួយសន្ទុះជិះឡានត្រឡប់មកវិញ សួរចុងក្រោយ «ព្រមឬមិនព្រម ? » ក៏ដកកាំភ្លើងខ្លីពីចង្កេះ បាញ់ជនរងគ្រោះ សម្ដៅចំណុចសំខាន់ៗ ( ក្បាល ) បណ្ដាលឱ្យជនរងគ្រោះជាប្រពន្ធស្លាប់ និងប្ដីរបួសធ្ងន់ ក្រោយកើតហេតុជនដៃដល់បានរត់គេចខ្លួន និងផ្លុងរថយន្តចោល នៅស្រុកបាធាយ ។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងស្វែងរកជនដៃដល់ មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕