ភ្នំពេញ ៖ ថ្មីៗនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការ Water.org បានប្រកាសពីកិច្ចសហការរយៈពេល ២ឆ្នាំ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សេវាទឹកស្អាត និងអនាម័យ ដល់សហគ្រាសធុនតូច និងមធ្យម និងប្រជាជនក្នុងប្រទេសកម្ពុជា។
ភាពជាដៃគូនេះ មានគោលបំណងពង្រឹងសមត្ថភាពរបស់សមាជិក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការអភិវឌ្ឍ និងផ្តល់ជូននូវផលិតផលឥណទានទឹកស្អាត និងអនាម័យដល់អតិថិជនរបស់ពួកគេ សំដៅដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ Water.org បានឲ្យដឹងថា កង្វះទឹកស្អាត និងអនាម័យជាបញ្ហាសំខាន់នៅកម្ពុជា ជាពិសេសតាមតំបន់ជនបទ។ ដើម្បីដោះស្រាយបញ្ហានេះ កិច្ចសហការរវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ Water.org នឹងផ្តោតលើការកសាងសមត្ថភាពដល់ គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគម ដើម្បីអនុវត្តកម្មវិធី ការអភិវឌ្ឍឥណទានទឹកស្អាត ក្នុងនោះ គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមនឹងទទួលបានជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍ និងកែលម្អផលិតផលហិរញ្ញវត្ថុ សម្រាប់ទឹកស្អាត និងអនាម័យផងដែរ។
ប្រភពដដែលបន្ដថា ការអនុវត្តកម្មវិធី ការអភិវឌ្ឍឥណទានទឹកស្អាត ក៏នឹងជួយដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការរក្សាបានអតិថិជនរបស់ខ្លួន និងគុណភាពនៃប្រាក់កម្ចី ដោយធានាបាននូវនិរន្តរភាពអាជីវកម្ម ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងប្រកបដោយទំនួលខុសត្រូវ។ កិច្ចសហការរវាង CMA និង អង្គការ Water.org រួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជួយដល់អតិថិជនព្រមទាំងគ្រួសារពួកគេមានភាពប្រសើរឡើង នូវគុណភាពជីវិត និងសុខភាពល្អជាងមុនតាមរយៈលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យដែលមានលក្ខណៈល្អប្រសើរ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា «យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយ Water.org ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាឥណទានទឹកស្អាត និងអនាម័យដល់សហគ្រាសធុនតូច និងមធ្យម និងប្រជាជនក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ យើងនឹងពង្រឹងសមត្ថភាពរបស់សមាជិករបស់យើងដើម្បីអភិវឌ្ឍ និងផ្តល់ជូននូវផលិតផលឥណទានទឹកស្អាត និងអនាម័យដល់អតិថិជនរបស់ពួកគេ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការទទួលបានទឹកស្អាត និងអនាម័យនៅក្នុងសហគមន៍របស់យើង ព្រមទាំងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ»។
លោកស្រី Griselda (Gay) Santos នាយិកានៃអង្គការ Water.org ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា «យើងមានបំណងធ្វើឱ្យការទទួលបានទឹកស្អាត និងអនាម័យកាន់តែងាយស្រួលដល់ប្រជាជនកម្ពុជា ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជនបទ។ តាមរយៈការផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាប្រឈមលើការទទួលបានទឹកស្អាត និងអនាម័យ យើងអាចលើកកំពស់គុណភាពជីវិត និងសុខភាពប្រជាជនក្នុងប្រទេសកម្ពុជា»៕ ដោយ៖ រិន ចំរើន